ព្រះត្រៃបិដក ភាគ ៦៤

លះបង់​ធម៌​ដែល​សាស្តា​សំដែង​ លះបង់​គណៈ​ លះបង់​ទិដ្ឋិ​ លះបង់​សេចក្តី​ប្រតិបត្តិ​ លះបង់​មគ្គ។ បុគ្គល​លះបង់​ដោយ​កិរិយា​កាត់ចោល​ អំពី​បុគ្គល​ដទៃ​យ៉ាងនេះ។
 បុគ្គល​កាល​មិនទាន់​ដល់​ លះបង់​ តើ​ដូចម្តេច។ បុគ្គល​កាល​មិនទាន់​ដល់​សីល​ លះបង់​សីល​ មិនទាន់​ដល់​វត្ត​ លះបង់​វត្ត​ មិនទាន់​ដល់​សីល និង​វត្ត​ លះបង់​សីល និង​វត្ត។ បុគ្គល​កាល​មិនទាន់​ដល់ លះបង់​ យ៉ាងនេះ។
 ពាក្យ​ថា​ ប្រកាន់​ផង​ នូវ​ធម៌​ គឺ​បុគ្គល​ប្រកាន់​សាស្តា​ ប្រកាន់​ធម៌​ដែល​សាស្តា​សំដែង​ ប្រកាន់​គណៈ​ ប្រកាន់ទិដ្ឋិ​ ប្រកាន់​សេចក្តី​ប្រតិបត្តិ​ ប្រកាន់​ស្ទាបអង្អែល​ ជាប់​ចំពាក់​នូវ​មគ្គ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) លះបង់​ផង​ ប្រកាន់​ផង​នូវ​ធម៌។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ សំដែង​ថា​
ការ​ជាប់​ចំពាក់​ដោយ​ទិដ្ឋិ​ និង​ការ​ជ្រើសរើស​ក្នុង​ធម៌​ទាំង​ឡាយ​ ហើយ​ប្រកាន់​ បុគ្គល​មិន​ងាយ​ប្រព្រឹត្ត​កន្លង​បានទេ​ ព្រោះហេតុនោះ​ ទើប​ជន​រមែង​លះបង់​ផង​ ប្រកាន់​ផង​នូវ​ធម៌​ ក្នុង​ការ​ជាប់​ចំពាក់​ទាំងនោះ។
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 637349341447168836
ទៅកាន់ទំព័រ៖