ព្រះត្រៃបិដក ភាគ ៦៤

 [១០៦​] អធិប្បាយ​ពាក្យ​ថា ជន​គប្បី​ពោល​នូវ​បុគ្គល​មិន​មានការ​អែបនែប​ដោយ​កិលេស​ណា​ ដូចម្ដេច​បាន ត្រង់​ពាក្យ​ថា ការ​អែបនែប បាន​ដល់​ការ​អែបនែប ២ គឺ​ការ​អែប​នែប​គឺ​តណ្ហា ១ ការ​អែបនែប​គឺ​ទិដ្ឋិ ១។បេ។ នេះ​ឈ្មោះ​ថា ការ​អែបនែប​គឺ​តណ្ហា។បេ។ នេះ​ឈ្មោះថា ការ​អែបនែប​គឺ​ទិដ្ឋិ។ បុគ្គល​នោះ លះបង់​ការ​អែបនែប​គឺ​តណ្ហា​ រលាស់​ចោលការ​អែបនែប​គឺ​ទិដ្ឋិ​ ព្រោះ​ការ​អែបនែប​គឺ​តណ្ហា លោក​លះបង់​ហើយ ព្រោះ​ការ​អែបនែប​គឺ​ទិដ្ឋិ​ លោក​រលាស់​ចេញ​ហើយ​ ជន​គប្បី​ពោល​នូវ​បុគ្គល​មិន​មាន​កិលេស​ ជា​គ្រឿង​អែបនែប​ដោយ​រាគៈ​ដូចម្តេច​ គប្បី​ពោល​ដោយ​ទោសៈ​ដូចម្តេច គប្បី​ពោល​ដោយ​មោហៈ​ដូចម្តេច គប្បី​ពោល​ដោយ​មានះ​ដូចម្តេច​ គប្បី​ពោល​ដោយ​ទិដ្ឋិ​ដូចម្តេច គប្បី​ពោល​ដោយ​ឧទ្ធច្ចៈ​ដូចម្តេច គប្បី​ពោល​ដោយ​វិចិកិច្ឆា​ដូចម្តេច​ គប្បី​ពោល​ដោយ​អនុស័យ​ទាំងឡាយ​ដូចម្តេច ថា​ជា​អ្នក​ត្រេកអរ​ក្តី​ ថា​ជា​អ្នក​ខឹង​ក្តី ថា​ជា​អ្នក​វង្វេង​ក្តី ថា​ជា​អ្នក​ជាប់​ចំពាក់​ក្តី ថា​ជា​អ្នក​ស្ទាបអង្អែល​ក្តី​ ថា​ជា​អ្នក​ដល់​នូវ​ការ​រាយមាយ​ក្តី ថា​ជា​អ្នក​ដល់​នូវ​ការ​មិន​ដាច់ស្រេច​ក្តី​ ថា​ជា​អ្នក​ដល់​នូវ​កម្លាំង​ក្តី។ អភិសង្ខារ​ទាំងនោះ​ បុគ្គល​នោះ​លះបង់​ហើយ​ ជន​គប្បី​ពោល​នូវ​គតិ​ទាំងឡាយ​ថា ជា​អ្នក​កើត​ក្នុង​នរក​ដូច្នេះ​ក្តី។បេ។ មាន​សញ្ញា​ក៏​មិនមែន មិន​មាន​សញ្ញា​ក៏​មិនមែន​ដូច្នេះ​ក្តី ដោយហេតុ​ដូចម្តេច​បាន​ ព្រោះ​អភិសង្ខារ​ទាំងឡាយ លោក​លះបង់​ហើយ។
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 637349345815395533
ទៅកាន់ទំព័រ៖