ព្រះត្រៃបិដក ភាគ ៦៤

ដល់​នូវ​ភាព​តាំងនៅ​មិនបាន​ មាន​សភាព​មិនកើត​តទៅទៀត​ ក្នុង​កាលណា​ ព្រាហ្មណ៍​ឈ្មោះថា​ មិន​ជាប់​ មិន​ជាប់​ព្រម​ មិន​ជាប់​មាំ​ ជា​អ្នក​មិន​ប្រឡាក់​ មិន​ប្រឡាក់​ព្រម​ មិន​ចូល​ទៅ​ប្រឡាក់​ ស្ទុះ​ចេញ​ លះបង់​ រួច​ស្រឡះ​ បា្រស​ចេញ​ មាន​ចិ​ត្ត​បា្រស​ចាក​កិលេស​ដូចជា​ ទំនប់​ជាដើម​ ក្នុង​បុណ្យ និង​បាប​ ព្រោះ​ហេតុ​ប៉ុណ្ណេះ​ ក្នុង​កាលនោះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិន​ជាប់​នៅក្នុង​បុណ្យ​ និង​បាប។
 [១២២​] ពាក្យ​ថា​ ជា​អ្នក​លះបង់​នូវ​អត្តា​ លែង​ធ្វើ​ក្នុង​លោក​នេះ​ អធិប្បាយ​ថា​ អ្នក​លះបង់​នូវ​អត្ត​ទិដ្ឋិ​ ឈ្មោះថា​ អ្នក​លះបង់​នូវ​អត្តា។ អ្នក​លះបង់​នូវ​សេចក្តី​ប្រកាន់​ ឈ្មោះថា​ អ្នក​លះបង់​នូវ​អត្តា។ វត្ថុ​ណា​ដែលគេ​ប្រកាន់​ បបោសអង្អែល​ ត្រេកអរ​ចំពោះ​ ចុះចិត្ត ចុះចិត្តស៊ប់​ហើយ​ ដោយអំណាច​តណ្ហា​ ដោយអំណាច​ទិដ្ឋិ​ វត្ថុ​ទាំងអស់​នោះ​ ព្រាហ្មណ៍​បាន​កំចាត់​ ខ្ជាក់​ចោល​ ផុត​ លះបង់​ រលាស់ចោល​ហើយ​ ឈ្មោះថា​ អ្នក​លះបង់​នូវ​អត្តា។ ពាក្យ​ថា​ លែង​ធ្វើ​ក្នុង​លោក​នេះ​ គឺ​មិន​ធ្វើ​ មិន​ឲ្យ​កើត​ មិន​ឲ្យ​កើត​ព្រម​ មិន​បង្កើត​ មិន​បង្កើ​តចំពោះ​នូវ​បុញ្ញាភិសង្ខារ​ក្តី​ នូវ​អបុញ្ញាភិសង្ខារ​ក្តី​ នូវ​អានេ​ញ្ជា​ភិ​សង្ខារ​ក្តី​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជា​អ្នក​លះបង់​នូវ​អត្តា​ លែង​ធ្វើ​ក្នុង​លោក​នេះ។ ហេតុ​នោះ​ ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ថា​
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 637349362608367977
ទៅកាន់ទំព័រ៖