ព្រះត្រៃបិដក ភាគ ៦៤
បុគ្គលអ្នកចំពាក់ ចំពាក់ឆ្វាក់ ចំពាក់ចាក់ស្រែះ ថ្ពក់ ទាក់ជាប់មាំហើយ ក្នុងកាមសញ្ញា ព្យាបាទសញ្ញា វិហឹសាសញ្ញា ទិដ្ឋិសញ្ញា ក៏យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនអ្នកជាប់នៅក្នុងសញ្ញា តែងទៅរកវត្ថុខ្ពស់ទាប។
[១៣១] អធិប្បាយពាក្យថា អ្នកបា្រជ្ញ ត្រាស់ដឹងនូវធម៌ដោយវេទទាំងឡាយ ត្រង់ពាក្យថា អ្នកបា្រជ្ញ គឺអ្នកដឹង អ្នកប្រកបដោយវិជ្ជា អ្នកមានញាណ អ្នកមានបា្រជ្ញា មានបញ្ញាជាគ្រឿងឆ្លុះយល់ មានបញ្ញាជាគ្រឿងថ្លឹង។ ញាណ បញ្ញា បញ្ញិន្រ្ទិយ បញ្ញាពល ធម្មវិចយសម្ពោជ្ឈង្គ វិមំសា វិបស្សនា សម្មាទិដ្ឋិ ក្នុងមគ្គទាំងឡាយ ៤ លោកហៅថា វេទ ក្នុងបទថា ដោយវេទទាំងឡាយ។ បុគ្គលដល់នូវទីបំផុត សម្រេចនូវទីបំផុត ដល់នូវចុង សម្រេចនូវចុង ដល់នូវទីបំផុតដោយជុំវិញ សម្រេចនូវទីបំផុតដោយជុំវិញ ដល់នូវទីអវសាន សម្រេចនូវទីអវសាន នៃជាតិ ជរា និងមរណៈ ដល់ហើយនូវទីជ្រកកោន សម្រេចនូវទីជ្រកកោន ដល់នូវទីពួន សម្រេចនូវទីពួន ដល់នូវទីពឹងទីរឭក សម្រេចនូវទីពឹងទីរឭក ដល់នូវទីមិនមានភ័យ សម្រេចនូវទីមិនមានភ័យ ដល់នូវទីមិនច្យុត សម្រេចនូវទីមិនច្យុត ដល់នូវអមតៈ សម្រេចនូវអមតៈ ដល់នូវព្រះនិព្វាន សម្រេចនូវព្រះនិព្វាន ដោយវេទទាំងនោះ។
ID: 637349364750053283
ទៅកាន់ទំព័រ៖