ព្រះត្រៃបិដក ភាគ ៦៤
អាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) ជាតាទិបុគ្គល បុគ្គលនោះលោកហៅថា ព្រាហ្មណ៍។ ពាក្យថា ព្រាហ្មណ៍នោះ គឺព្រះអរហន្តខីណាស្រព។ ពាក្យថា ព្រោះដឹង គឺព្រោះដឹងដោយបរចិត្តញ្ញាណក្តី ព្រោះដឹងដោយបុព្វេនិវាសានុស្សតិញ្ញាណក្តី។ ពាក្យថា ព្រោះឃើញគឺ ព្រោះឃើញ ដោយមំសចក្ខុក្តី ដោយទិព្វចក្ខុក្តី ហេតុនោះ ទ្រង់ត្រាស់ថា ព្រាហ្មណ៍ណា កន្លងហួសដែនហើយ ព្រាហ្មណ៍នោះ មិនមានការប្រកាន់ ព្រោះដឹង ព្រោះឃើញទេ។ ពាក្យថា ការប្រកាន់មាំ គឺការប្រកាន់ ការបបោសអង្អែល ការចូលចិត្ត ការជាប់ចិត្ត ការចុះចិត្តស៊ប់ នៃព្រាហ្មណ៍នោះថា នេះ ថ្លៃថ្លា ខ្ពង់ខ្ពស់ ប្រសើរ វិសេស ចម្បង ឧត្តម បវរ។ ពាក្យថា មិនមាន គឺមិនមាន មិនមានព្រម មិនបាន។ គឺលោកលះបង់ ផ្តាច់បង់ រម្ងាប់ ស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើត ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍ណា កន្លងហួសដែនហើយ ព្រាហ្មណ៍នោះ មិនមានការប្រកាន់មាំ ព្រោះដឹង ព្រោះឃើញទេ។
[១៤៤] ពាក្យថា មិនមានសេចក្តីត្រេកអរក្នុងកាមរាគ មិនត្រេកអរក្នុងរូបរាគ និងអរូបរាគ សេចក្តីថា បុគ្គលទាំងឡាយណា ត្រេកអរ រីករាយ ជាប់ ជ្រប់ ងប់ ទាក់ ថ្ពក់ ចំពាក់ ក្នុងកាមគុណទាំងប្រាំ បុគ្គលទាំងនោះ លោកហៅថា អ្នកត្រេកអរក្នុងកាមរាគ។
ID: 637349371321691970
ទៅកាន់ទំព័រ៖