ព្រះត្រៃបិដក ភាគ ៦៤
បុគ្គលទាំងឡាយណា ត្រេកអរ រីករាយ ជាប់ ជ្រប់ ងប់ ទាក់ ថ្ពក់ ចំពាក់ ក្នុងរូបាវចរសមាបត្តិ និងអរូបបាវចរសមាបត្តិទាំងឡាយ បុគ្គលទាំងនោះ លោកហៅថា អ្នកត្រេកអរក្នុងរូបរាគ និងអរូបរាគ។ ពាក្យថា មិនមានសេចក្តីត្រេកអរក្នុងកាមរាគ មិនត្រេកអរក្នុងរូបរាគ និងអរូបរាគ បានសេចក្តីថា ក្នុងកាលណាកាមរាគ រូបរាគ និងអរូបរាគ ព្រះខីណាស្រពលះបង់ ផ្តាច់ឫសចោល ធ្វើមិនឲ្យមានទីកើត ដូចជាដើមត្នោត ដល់នូវភាពមិនមាន មានសភាពមិនកើតឡើងតទៅទៀត ព្រះខីណាស្រព មិនមានសេចក្តីត្រេកអរក្នុងកាមរាគ មិនត្រេកអរក្នុងរូបរាគ និងអរូបរាគ ក្នុងកាលនោះ ដោយកាលមានប្រមាណប៉ុណ្ណេះឯង។
[១៤៥] អធិប្បាយពាក្យថា ព្រាហ្មណ៍នោះ មិនមានការប្រកាន់ថា នេះប្រសើរដូច្នេះឡើយ ត្រង់ពាក្យថា ព្រាហ្មណ៍នោះ គឺព្រះអរហន្តខីណាស្រព។ ការប្រកាន់ ការបបោសអង្អែល ការចូលចិត្ត ការជាប់ចិត្ត ការចុះចិត្តស៊ប់របស់លោកថា នេះថ្លៃថ្លា ខ្ពង់ខ្ពស់ ប្រសើរ វិសេស ចម្បង ឧត្តម បវរ។ ពាក្យថា មិនមាន គឺមិនមាន មិនមានព្រម មិនបាន។ គឺលោកលះបង់ ផ្តាច់បង់ រម្ងាប់បង់ កំចាត់ កំចាត់បង់ហើយ ធ្វើមិនគួរឲ្យកើត ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍នោះ មិនមានការប្រកាន់ថា នេះប្រសើរ ដូច្នេះឡើយ។
ID: 637349371695647540
ទៅកាន់ទំព័រ៖