ព្រះត្រៃបិដក ភាគ ៦៤

ដោយ​ទ្រព្យ​ ដោយ​ការ​រៀន​មន្ត​ ដោយ​កន្លែង​ធ្វើ​នូវ​ការងារ​ ដោយ​កន្លែង​រៀន​សិល្បៈ​ ដោយ​កន្លែង​នៃ​វិជ្ជា​ ដោយ​ពហុ​ស្សូ​ត្រ​ ដោយ​បដិភាណ​ ឬដោយ​វត្តុ​ណាមួយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិន​គប្បី​ប្រៀបផ្ទឹម​ខ្លួន​ថា​ ស្មើ។
 [១៦២​] ពាក្យ​ថា​ មិន​គប្បី​សំគាល់​ថា​ ថោកទាប​ ឬវិសេស​ គឺ​មិន​គប្បី​ប្រៀប​ផ្ទឹម​ខ្លួន​ ថា អាត្មាអញ​ជា​អ្នក​ថោកទាប​ ដោយ​ជាតិ ដោយ​គោត្រ។បេ។ ឬដោយ​វត្ថុ​ណាមួយ​ មិន​គប្បី​ប្រៀបផ្ទឹម​ខ្លួន​ថា​ អាត្មាអញ​ជា​អ្នក​ប្រសើរ​ ដោយ​ជាតិ​ ដោយ​គោត្រ។បេ។ ឬដោយ​វត្ថុ​ណាមួយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិន​គប្បី​សំគាល់​ថា​ ថោកទាប​ ឬវិសេស។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
បុគ្គល​មិន​គប្បី​តែងតាំង​ទិដ្ឋិ​ក្នុង​លោក​ដោយ​ញាណ​ ឬដោយ​សីល​វត្ត​ មិន​គប្បី​ ប្រៀបផ្ទឹម​ខ្លួន​ថា​ ស្មើ​ (នឹង​បុគ្គល​ដទៃ​) មិន​គប្បី​សំ​គា​ល់​ថា​ ថោកទាប​ ឬវិសេស​ឡើយ។
[១៦៣​] បុគ្គល​នោះ​ លះបង់​អត្តា​ មិន​ប្រកាន់​ មិន​ធ្វើ​និស្ស័យ​សូម្បី​ក្នុង​ញាណ​ទេ​ កាល​សត្វ​យល់​បែក​គ្នា​ផ្សេង​ៗ បុគ្គល​នោះ​ឯង​ ជា​អ្នក​មិន​លុះ​តាម​ពួក​ បុគ្គល​នោះ​ មិន​ត្រឡប់​មកកាន់​ទិដ្ឋិ​ណាមួយ​ឡើយ។
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 637349379679032502
ទៅកាន់ទំព័រ៖