ព្រះត្រៃបិដក ភាគ ៦៤

បុគ្គល​នោះ​ លះបង់​អត្តា​ មិន​ប្រកាន់​ មិន​ធ្វើ​និស្ស័យ​សូម្បី​ក្នុង​ញាណ​ កាល​សត្វ​យល់​បែកគ្នា​ផ្សេង​ ៗ បុគ្គល​នោះ​ឯង​ មិន​លុះ​តាម​ពួក​ បុគ្គល​នោះ​ មិន​ត្រឡប់​មកកាន់​ទិដ្ឋិ​ណាមួយ​ឡើយ។
[១៦៨​] ការ​តាំង​ទុក​អន្តៈ​ទាំងពីរ​ ក្នុង​លោក​នេះ​ និ​ងលោក​ដទៃ​ ដើម្បី​ភព​តូច​ភព​ធំ​នេះ​ នៃ​បុគ្គល​ណា​ មិន​មាន​ទេ​ ជម្រក​ទាំងឡាយ​ណាមួយ​ និង​ការ​ពិ​និ​ត្យ​ ហើយ​ប្រកាន់​ក្នុង​ធម៌​ទាំងឡាយ​នៃ​បុគ្គល​នោះ​ មិន​មាន​ឡើយ។

 [១៦៩​] អធិប្បាយ​ពាក្យ​ថា​ ការ​តាំង​ទុក​អន្តៈ​ទាំងពីរ​ ក្នុង​លោក​នេះ​ និង​លោក​ដទៃ​ ដើម្បី​ភព​តូច​ភព​ធំ​នេះ​ នៃ​បុគ្គល​ណា​ មិន​មាន​ទេ​ ត្រង់​ពាក្យ​ថា​ នៃ​បុ​គ្គ​លណា​ គឺ​នៃ​ព្រះ​អរហន្ត​ខីណាស្រព។ ពាក្យ​ថា​ អន្តៈ​ គឺ​ផស្សៈ​ជា​អន្តៈ​មួយ​ ការ​កើតឡើង​នៃ​ផស្សៈ​ ជា​អន្តៈ​ទីពីរ។ អតីត​ ជា​អន្តៈ​មួយ​ អនាគត​ ជា​អន្តៈ​ទីពីរ។ សុខវេទនា​ ជា​អន្តៈ​មួយ​ ទុក្ខវេទនា​ ជា​អន្តៈ​ទីពីរ។ នាម​ ជា​អន្តៈ​មួយ​ រូប​ជា​អន្តៈ​ទីពីរ។ អាយតនៈ​ខាងក្នុង​ ៦ ជា​អន្តៈ​មួយ​ អាយតនៈ​ខាងក្រៅ​ ៦ ជា​អន្តៈ​ទីពីរ។ សក្កា​យ ជា​អន្តៈ​មួយ​ ការ​កើតឡើង​នៃ​សក្កា​យ ជា​អន្តៈ​ទីពីរ។
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 637349381153443596
ទៅកាន់ទំព័រ៖