ព្រះត្រៃបិដក ភាគ ៦៤
ពាក្យថា ការតាំងទុកអន្តៈទាំងពីរក្នុងលោកនេះ និងលោកដទៃ ដើម្បីភពតូចភពធំនេះ នៃបុគ្គលណា មិនមានទេ បានសេចក្តីថា ការតាំងទុកអន្តៈទាំងពីរ ក្នុងលោកនេះ និងលោកដទៃ ដើម្បីភពតូចភពធំនេះ នៃបុគ្គលណា មិនមាន មិនមានព្រម មិនកើតមាន គឺបុគ្គលណាលះបង់ហើយ ផ្តាច់ផ្តិលហើយ រម្ងាប់ហើយ ស្ងប់ហើយ ធ្វើមិនគួរឲ្យកើត ដុតបំផ្លាញដោយភ្លើង គឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ការតាំងទុកអន្តៈទាំងពីរ ក្នុងលោកនេះ និងលោកដទៃ ដើម្បីភពតូចភពធំនេះ នៃបុគ្គលណា មិនមានទេ។
[១៧០] អធិប្បាយពាក្យថា ជម្រកទាំងឡាយណាមួយនៃបុគ្គលនោះ មិនមាន ត្រង់ពាក្យថា ជម្រកទាំងឡាយ បានដល់ជម្រក ២ យ៉ាង គឺ ជម្រកគឺតណ្ហា ១ ជម្រកគឺទិដ្ឋិ ១។បេ។ នេះជម្រកគឺតណ្ហា។បេ។ នេះជម្រកគឺទិដ្ឋិ។ ពាក្យថា នៃបុគ្គលនោះ គឺនៃព្រះអរហន្តខីណាស្រព។ ពាក្យថា មិនមាន គឺមិនមាន មិនមានព្រម មិនកើតមាន គឺបុគ្គលលះបង់ហើយ ផ្តាច់ផ្តិលហើយ រម្ងាប់ហើយ គ្របសង្កត់ហើយ ធ្វើមិនគួរឲ្យកើត ដុតបំផ្លាញដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ជម្រកទាំងឡាយណាមួយនៃបុគ្គលនោះ មិនមានឡើយ។
ID: 637349381932451506
ទៅកាន់ទំព័រ៖