ព្រះត្រៃបិដក ភាគ ៦៤
[១៧២] សេចក្តីសំគាល់សូម្បីតូចមួយ ដែលកំណត់ហើយ ក្នុងអារម្មណ៍ដែលឃើញ ដែលឮ ឬដែលប៉ះពាល់ហើយនេះ នៃបុគ្គលនោះ មិនមានទេ អ្នកផងគប្បីកំណត់ បុគ្គលដែលជាព្រាហ្មណ៍ មិនប្រកាន់ទិដ្ឋិនោះ ក្នុងលោកនេះដោយកិលេស ដូចម្តេចបាន។
[១៧៣] ពាក្យថា សេចក្តីសំគាល់សូម្បីតូចមួយ ដែលកំណត់ហើយ ក្នុងអារម្មណ៍ដែលឃើញ ដែលឮ ឬដែលប៉ះពាល់ហើយនេះ នៃបុគ្គលនោះ មិនមានទេ សេចក្តីថា សេចក្តីសំគាល់ ភាពជាប្រធាន ភាពជាធំ ក្នុងទិដ្ឋៈ ឬក្នុងទិដ្ឋសុទ្ធិ ក្នុងសុតៈ ឬក្នុងសុតសុទ្ធិ ក្នុងមុតៈ ឬក្នុងមុតសុទ្ធិ ដែលគេតាំងឡើង កំណត់តាក់តែង តាំងនៅ ព្រមដោយសញ្ញា ព្រោះសេចក្តីប្រកាន់ខុសដោយសញ្ញា នៃព្រះអរហន្តខីណាស្រពនោះ មិនមាន មិនមានព្រម មិនកើតមាន គឺលោកលះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់ ធ្វើមិនគួរឲ្យកើត ដុតបំផ្លាញដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីសំគាល់ សូម្បីតូចមួយ ដែលកំណត់ហើយក្នុងអារម្មណ៍ដែលឃើញ ដែលឮ ឬដែលប៉ះពាល់ហើយនេះនៃបុគ្គលនោះ មិនមានទេ។
[១៧៤] អធិប្បាយពាក្យថា បុគ្គលដែលជាព្រាហ្មណ៍ មិនប្រកាន់ទិដ្ឋិនោះ ត្រង់ពាក្យថា ព្រាហ្មណ៍គឺ បុគ្គលឈ្មោះថា ព្រាហ្មណ៍ ព្រោះជាអ្នកបន្សាត់បង់នូវធម៌ទាំង ៧។បេ។
ID: 637349383130889125
ទៅកាន់ទំព័រ៖