ព្រះត្រៃបិដក ភាគ ៦៤
ជាអ្នកមិនអាស្រ័យ (នូវទិដ្ឋិ) ជាអ្នកនឹងធឹង បុគ្គលនោះលោកហៅថា ព្រាហ្មណ៍។ ពាក្យថា បុគ្គលដែលជាព្រាហ្មណ៍ មិនប្រកាន់ទិដ្ឋិនោះ បានសេចក្តីថា បុគ្គលជាព្រាហ្មណ៍នោះ មិនប្រកាន់ មិនកាន់យក មិនស្ទាបអង្អែល មិនប្រកាន់ស្អិតនូវទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលដែលជាព្រាហ្មណ៍ មិនប្រកាន់ទិដ្ឋិនោះ។
[១៧៥] អធិប្បាយពាក្យថា គប្បីកំណត់ក្នុងលោកនេះ ដោយកិលេសដូចម្តេចបាន ត្រង់ពាក្យថា កំណត់ បានដល់ការកំណត់ ២ គឺការកំណត់គឺតណ្ហា ១ ការកំណត់ គឺទិដ្ឋិ ១។បេ។ នេះ ការកំណត់គឺតណ្ហា។បេ។ នេះការកំណត់គឺទិដ្ឋិ។ ការកំណត់គឺតណ្ហា ព្រាហ្មណ៍នោះ លះបង់ហើយ ការកំណត់គឺទិដ្ឋិ ព្រាហ្មណ៍នោះ រលាស់ចោលហើយ ព្រោះលោកបានលះបង់នូវការកំណត់គឺតណ្ហា បានរលាស់ចោលនូវការកំណត់គឺទិដ្ឋិ អ្នកផងគប្បីកំណត់ដោយរាគៈដូចម្តេច កំណត់ដោយទោសៈដូចម្តេច កំណត់ដោយមោហៈដូចម្តេច កំណត់ដោយមានះដូចម្តេច កំណត់ដោយទិដ្ឋិដូចម្តេច កំណត់ដោយឧទ្ធច្ចៈដូចម្តេច កំណត់ដោយវិចិកិច្ឆាដូចម្តេច កំណត់ដោយអនុស័យទាំងឡាយដូចម្តេចថា លោកជាអ្នកត្រេកអរ ថាជាអ្នកប្រទូស្ត ថាជាអ្នកវង្វេង ថាជាអ្នកជាប់ចំពាក់ ថាជាអ្នកស្ទាបអង្អែល ថាជាអ្នកដល់នូវសេចក្តីរាយមាយ ថាជាអ្នកដល់នូវការមិនដាច់ស្រេច ឬថាជាអ្នកដល់នូវកម្លាំង។
ID: 637349383572978072
ទៅកាន់ទំព័រ៖