ព្រះត្រៃបិដក ភាគ ៦៤

លោក​មិន​ត្រឡប់​ មិន​មក​ មិន​ត្រឡប់​មក​រក​កិលេស​ទាំងនោះ​វិញ​ទេ​ កិលេស​ទាំងឡាយ​ណា​ ដែល​លោក​លះ​បង់​ហើយ​ ដោយ​អរហត្តមគ្គ​ លោក​មិន​ត្រឡប់​ មិន​មក​ មិន​ត្រឡប់​មក​រក​កិលេស​ទាំងនោះ​វិញ​ទេ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) លោក​ដល់ត្រើយ​ហើយ​ មិន​ត្រឡប់​មក​វិញ​ទេ។ ពាក្យ​ថា​ ជា​អ្នក​នឹងធឹង​ បាន​ដល់​ព្រះអរហន្ត​ លោក​នឹងធឹង​ដោយ​អាការ​ ៥ យ៉ាងគឺ​ លោក​នឹងធឹង​ក្នុង​ឥដ្ឋារម្មណ៍ និង​អនិដ្ឋារម្មណ៍​ ១ លោក​នឹងធឹង​ ព្រោះ​ជា​អ្នក​លះបង់​ហើយ​ ១ លោក​នឹងធឹង​ព្រោះ​ជា​អ្នក​ឆ្លង​ហើយ​ ១ លោក​នឹងធឹង​ព្រោះ​ជា​អ្នក​រួច​ហើយ​ ១ លោក​នឹងធឹង​ ព្រោះ​ការសំដែង​ចេញ​នូវ​ហេតុ​នោះ​ ១។
 លោក​នឹងធឹង​ក្នុង​ឥដ្ឋារម្មណ៍ និង​អនិដ្ឋារម្មណ៍​ តើ​ដូចម្តេច។ ព្រះអរហន្ត​ លោក​នឹងធឹង​ក្នុង​លាភ​ នឹងធឹង​ក្នុង​អលាភ​ នឹងធឹង​ក្នុង​យស​ នឹងធឹង​ក្នុង​អយស​ នឹងធឹង​ក្នុង​សេចក្តី​សរសើរ​ នឹងធឹង​ក្នុង​និន្ទា​ នឹងធឹង​ក្នុង​សុខ​ នឹងធឹង​ក្នុង​ទុក្ខ។ បើ​ពួក​ជន​លាប​ដៃ​ម្ខាង​ ដោយ​គ្រឿងក្រអូប​ បើ​ពួក​ជន​ច្រាស​ដៃ​ម្ខាង​ដោយ​កាំបិត​ តម្រេក​ក្នុង​ការ​លាប​ឯណោះ ក៏​មិន​មាន​ សេចក្តី​ថ្នាំងថ្នាក់​ក្នុង​ការ​ច្រាស​ឯណោះ​ ក៏​មិន​មាន ព្រះ​អរហ​ន្ត​ លះបង់​ស្រឡះ​ នូវ​សេចក្តី​ត្រេកអរ និង​សេចក្តី​ថ្នាំងថ្នាក់​ ប្រព្រឹត្ត​កន្លង​នូវ​សេចក្តី​លើ​កតំ​កើង​ និង​សេចក្តី​ផ្ទញ់ផ្ទាល់​ កន្លង​ផុត​នូវ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​ស្អប់​ហើយ​ ព្រះ​អរ​ហន្ត​ លោក​នឹងធឹង​ក្នុង​ឥដ្ឋារម្មណ៍ និង​អនិដ្ឋារម្មណ៍​យ៉ាងនេះ។
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 637349386585871199
ទៅកាន់ទំព័រ៖