ព្រះត្រៃបិដក ភាគ ៦៤

 ព្រះអរហន្ត​លោក​នឹងធឹង​ ព្រោះ​ជា​អ្នក​លះបង់​ហើយ​ តើ​ដូចម្តេច។ ព្រះអរហន្ត​លះបង់​ ខ្ជាក់​ចោល​ រួច​ស្រឡះ​ លះ​ចោល រលាស់ចោល​ហើយ​នូវ​រាគៈ។ ព្រះអរហន្ត​លះបង់​ ខ្ជាល់​ចោល​ រួច​ស្រឡះ​ លះ​ចោល​ រលាស់ចោល​ហើយ​នូវ​ទោសៈ​ មោហៈ​ កោ​ធៈ​ ឧបនាហៈ​ មក្ខៈ​ បឡា​សៈ​ ឥស្សា​ មច្ឆរិយៈ​ មាយា​ សា​ឋេយ្យៈ​ ថុម្ភៈ​ សា​រម្ភៈ​ មា​នះ​ អតិ​មា​នះ​ មទៈ​ បមា​ទៈ​ កិលេស​ទាំងអស់​ ទុច្ចរិត​ទាំងអស់​ សេចក្តី​ក្រវល់​ក្រវាយ​ទាំង​អស់​ សេចក្តី​ក្តៅក្រហាយ​ទាំងអស់​ សេចក្តី​អន្ទះអន្ទែង​ទាំងអស់​ អកុសលា​ភិ​សង្ខារ​ទាំងអស់​ ព្រះអរហន្ត​លោក​នឹងធឹង​ ព្រោះ​ជា​អ្នក​លះបង់​ហើយ​យ៉ាងនេះ។
 ព្រះអរហន្ត​លោក​នឹងធឹង​ ព្រោះ​ជា​អ្នក​ឆ្លង​ហើយ​ តើ​ដូចម្តេច។ ព្រះអរហន្ត​ឆ្លង​កាមោឃៈ​ ឆ្លង​ភវោឃៈ​ ឆ្លង​ទិដ្ឋោឃៈ​ ឆ្លង​អវិ​ជ្ជោ​ឃៈ​ ឆ្លង​ ឆ្លងផុត​ ឆ្លង​ស្រឡះ​ កន្លង​ កន្លង​ផុត​ កន្លង​ហួស​ នូវ​ផ្លូវ​គឺ​សង្សារ​ទាំងអស់​ ព្រះអរហន្ត​នោះ​ លោក​មាន​កិរិយា​នៅ​ នៅ​ស្រេចហើយ​ មាន​កា​រប្រ​ព្រឹ​ត្តិ​ ប្រព្រឹត្ត​ហើយ។បេ។ ភព​ថ្មីទៀត​នៃ​ព្រះអរហន្ត​នោះ​ មិន​មាន​ទេ​ ហេតុ​នោះ​ ព្រះអរហន្ត​លោក​នឹងធឹង​ ព្រោះ​ជា​អ្នក​ឆ្លង​ហើយ​យ៉ាងនេះ។
 ព្រះអរហន្ត​លោក​នឹងធឹង​ ព្រោះ​ជា​អ្នក​រួចហើយ​ តើ​ដូចម្តេច។ ចិត្ត​របស់​ព្រះ​អរហន្ត​ រួច​ រួច​ស្រឡះ​ រួចផុត​ស្រឡះ​ចាក​រាគៈ។
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 637349387115158981
ទៅកាន់ទំព័រ៖