ព្រះត្រៃបិដក ភាគ ៦៤
កាលបើខន្ធទាំងឡាយកើតឡើងហើយ ការបែកធ្លាយនៃខន្ធទាំងនោះ ក៏ឋិតនៅក្នុងខាងមុខ សភាវៈដែលត្រូវវិនាសទាំងឡាយ (ខន្ធ) កំពុងឋិតនៅ មិនច្រឡូកច្រឡំដោយខន្ធចាស់ទេ រមែងមកអំពីទីមើលមិនឃើញ លុះបែកធ្លាយហើយ តែងទៅកាន់ទីមើលមិនឃើញវិញ រមែងកើតឡើងផង រមែងវិនាសទៅផង ដូចជាផ្លេកបន្ទោរឰដ៏អាកាស។ ជីវិតតិច ព្រោះការឋិតនៅតិច យ៉ាងនេះ។
ជីវិតតិច ព្រោះកិច្ចរបស់ខ្លួនតិច តើដូចម្តេច។ ជីវិតជាប់ទាក់ទងដោយដង្ហើមចូល ជីវិតជាប់ទាក់ទងដោយដង្ហើមចេញ ជីវិតជាប់ទាក់ទងដោយដង្ហើមចូល និងដង្ហើមចេញ ជីវិតជាប់ទាក់ទងដោយមហាភូតរូប ជីវិតជាប់ទាក់ទងដោយភ្លើងធាតុ ជីវិតជាប់ទាក់ទងដោយអាហារជាពំនូត ជីវិតជាប់ទាក់ទងដោយវិញ្ញាណ។ ឫសគល់របស់ធម៌ទាំងនេះ មានកម្លាំងថយ។ បុព្វហេតុទាំងឡាយរបស់ធម៌ទាំងនេះ ក៏មានកម្លាំងថយ។ សូម្បីពួកធម៌ណាជាបច្ច័យ ធម៌ទាំងនោះ ក៏មានកម្លាំងថយ។ សូម្បីពួកធម៌ណា ជាប្រភព ធម៌ទាំងនោះ ក៏មានកម្លាំងថយ។ ពួកធម៌ដែលកើតជាមួយនឹងធម៌ទាំងនេះ ក៏មានកម្លាំងថយ។ ពួកធម៌ប្រកបជាមួយគ្នានឹងធម៌ទាំងនេះ ក៏មានកម្លាំងថយ។ ធម៌ដែលកើតឡើងជាមួយគ្នានឹងធម៌ទាំងនេះ ក៏មានកម្លាំងថយ។
ID: 637349955921074855
ទៅកាន់ទំព័រ៖