ព្រះត្រៃបិដក ភាគ ៦៤
[១៨៦] ពួកជន រមែងសោកស្តាយ ចំពោះវត្ថុដែលហួងហែង ការហួងហែងទាំងឡាយ ពុំមែនជាការទៀងទាត់ទេ វត្ថុនេះ មានសភាពព្រាត់ប្រាសដោយពិត បុគ្គលកាលឃើញដូច្នេះហើយ មិនគួរនៅគ្រប់គ្រងផ្ទះឡើយ។
[១៨៧] អធិប្បាយពាក្យថា ពួកជន រមែងសោកស្តាយ ចំពោះវត្ថុដែលហួងហែង ត្រង់ពាក្យថា ពួកជន បានដល់ ពួកក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា មនុស្ស។ ពាក្យថា ការហួងហែង បានដល់ការហួងហែង ២ គឺការហួងហែងគឺតណ្ហា ១ ការហួងហែងគឺទិដ្ឋិ ១។បេ។ នេះការហួងហែងគឺតណ្ហា។បេ។ នេះការហួងហែងគឺទិដ្ឋិ។ ពួកជនជាអ្នកមានសេចក្តីរង្កៀស ដោយការដណ្តើមយកវត្ថុដែលហួងហែង រមែងសោកស្តាយ ក៏មាន សោកស្តាយចំពោះវត្ថុដែលគេកំពុងដណ្តើមយក ក៏មាន សោកស្តាយចំពោះវត្ថុដែលគេដណ្តើមយកហើយ ក៏មាន ពួកជនមានសេចក្តីរង្កៀសដោយការប្រែប្រួលចាកវត្ថុដែលហួងហែង រមែងសោកស្តាយ ក៏មាន សោកស្តាយចំពោះវត្ថុដែលកំពុងប្រែប្រួល ក៏មាន សោកស្តាយចំពោះវត្ថុដែលប្រែប្រួលហើយ ក៏មាន រមែងលំបាក ខ្សឹកខ្សួល គក់ទ្រូង ដល់នូវការវង្វេង ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជនរមែងសោកស្តាយ ចំពោះវត្ថុដែលហួងហែង។
ID: 637349958508131141
ទៅកាន់ទំព័រ៖