ព្រះត្រៃបិដក ភាគ ៦៤
ព្រោះហេតុនោះ ទើបខ្ញុំមិនសោកស្តាយក្នុងកាលដែលគួរសោកស្តាយ ព្រះចន្ទ រះឡើង ពេញវង់ លិចទៅ ព្រះអាទិត្យរះឡើង ហើយអស្តង្គតទៅ នែអ្នកជាសត្រូវ លោកធម៌ទាំងឡាយ ខ្ញុំដឹងច្បាស់ហើយ ព្រោះហេតុនោះ ខ្ញុំទើបមិនសោកស្តាយក្នុងកាលដែលគួរសោកស្តាយ។
ហេតុនោះ (ទ្រង់ត្រាស់ថា) ខន្ធបញ្ចកៈ រមែងសាបសូន្យដោយមរណៈ។
[១៩៣] អធិប្បាយពាក្យថា បុរសសំគាល់នូវខន្ធបញ្ចកៈណាថា នេះរបស់អញ ត្រង់ពាក្យថា ខន្ធបញ្ចកៈណា គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ។ ពាក្យថា បុរស គឺ ការរាប់ ឈ្មោះ បញ្ញត្តិ លោកវោហារ នាម អំពើរបស់នាម ពាក្យទ្រទ្រង់ទុកនូវនាម ភាសា ព្យញ្ជនៈ ការហៅរក។ ពាក្យថា សំគាល់ថា នេះរបស់អញ គឺសំគាល់ក្នុងការសំគាល់ដោយតណ្ហា សំគាល់ក្នុងការសំគាល់ដោយទិដ្ឋិ សំគាល់ក្នុងការសំគាល់ដោយមានះ សំគាល់ក្នុងការសំគាល់ដោយកិលេស សំគាល់ក្នុងការសំគាល់ដោយទុច្ចរិត សំគាល់ក្នុងការសំគាល់ដោយបយោគៈ សំគាល់ក្នុងការសំគាល់ដោយវិបាក ហេតុនោះ (ទ្រង់ត្រាស់ថា) បុរសសំគាល់ខន្ធបញ្ចកៈណាថា នេះរបស់អញ។
ID: 637349960704824049
ទៅកាន់ទំព័រ៖