ព្រះត្រៃបិដក ភាគ ៦៤
[១៩៨] ពាក្យថា បុរសភ្ញាក់ឡើងហើយមិនឃើញ សេចក្តីថា បុរសអ្នកយល់សប្តិឃើញព្រះចន្រ្ទ ឃើញព្រះអាទិត្យ ឃើញមហាសមុទ្រ ឃើញស្តេចភ្នំសិនេរុ ឃើញដំរី ឃើញសេះ ឃើញរថ ឃើញពលថ្មើរជើង ឃើញសេនាព្យូហៈ ឃើញសួនច្បារជាទីត្រេកអរ ឃើញព្រៃជាទីត្រេកអរ ឃើញផែនដីជាទីត្រេកអរ ឃើញស្រះបោក្ខរណីជាទីត្រេកអរ ភ្ញាក់ឡើងហើយ ក៏មិនឃើញអ្វីសោះយ៉ាងណា ហេតុនោះ (ទ្រង់ត្រាស់ថា) បុរសភ្ញាក់ឡើងហើយមិនឃើញ។
[១៩៩] ពាក្យថា ក៏យ៉ាងនោះដែរ របស់បទថា ជនជាទីស្រឡាញ់ ក៏យ៉ាងនោះដែរ គឺជាវាចាផ្តល់ដោយសេចក្តីឧបមា។ ពាក្យថា ជនជាទីស្រឡាញ់ គឺជនដែលស្រឡាញ់ ដែលរាប់អាន ទោះជាមាតាក្តី បិតាក្តី បងប្អូនប្រុសក្តី បងប្អូនស្រីក្តី បុត្តក្តី ធីតាក្តី មិត្រក្តី អាមាត្យក្តី ញាតិសាលោហិតក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ជនជាទីស្រឡាញ់ ក៏យ៉ាងនោះដែរ។
[២០០] ពាក្យថា បុគ្គលមិនឃើញជនដែលធ្វើមរណកាលទៅកាន់បរលោកហើយ សេចក្តីថា ពួកជនស្លាប់ ធ្វើមរណកាលហើយ លោកហៅថា អ្នកទៅកាន់បរលោក។ បុគ្គលមិនឃើញ មិនជួប មិនប្រទះ មិនបាន ឥតបាន ហេតុនោះ (ទ្រង់ត្រាស់ថា) មិនឃើញជន ដែលធ្វើមរណកាលទៅកាន់បរលោកហើយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
ID: 637349963657240504
ទៅកាន់ទំព័រ៖