ព្រះត្រៃបិដក ភាគ ៦៤
អំពើរបស់នាម ពាក្យទ្រទ្រង់នូវនាម ភាសា ព្យញ្ជនៈ ការហៅរក។ ពាក្យថា គេតែងពោល គឺគេតែងសំដែង តែងនិយាយ តែងបំភ្លឺ តែងបញ្ចេញ ហេតុនោះ (ទ្រង់ត្រាស់ថា) នាមនេះ របស់ពួកជនណាដែលគេតែងពោល។
[២០៤] ពាក្យថា នាមហ្នឹងឯងដែលគួរហៅបាន រមែងសល់នៅ សេចក្តីថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលឃ្លាតចេញ លះចេញស្រឡះ បាត់បង់ វិនាស តែនាមរមែងសល់នៅ។ ពាក្យថា គួរហៅបាន គឺ គួរពោល សំដែង បំភ្លឺ បញ្ចេញបាន ហេតុនោះ (ទ្រង់ត្រាស់ថា) នាមហ្នឹងឯង ដែលគួរហៅបាន រមែងសល់នៅ។ ពាក្យថា ទៅកាន់បរលោក របស់បទថា របស់សត្វទៅកាន់បរលោក គឺ សត្វស្លាប់ ធ្វើមរណកាលហើយ។ ពាក្យថា របស់សត្វ គឺរបស់សត្វ នរៈ មាណព បុរស បុគ្គល សត្វមានជីវៈ សត្វមានជាតិ សត្វមានជរា សត្វទៅដោយឥន្រ្ទិយ សត្វមានជាតិអំពីមនុស្ស ហេតុនោះ (ទ្រង់ត្រាស់ថា) របស់សត្វទៅកាន់បរលោក ដែលគួរហៅបាន។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
នាមនេះ របស់ពួកជនណា ដែលគេតែងពោល ពួកជននោះ គេឃើញខ្លះ ឮខ្លះ នាមហ្នឹងឯងរបស់សត្វ ទៅកាន់បរលោក ដែលគេគួរហៅបាន រមែងសល់នៅ។
ID: 637349965379496491
ទៅកាន់ទំព័រ៖