ព្រះត្រៃបិដក ភាគ ៦៤

មិច្ឆាសង្កប្បៈ​ លោក​កំចាត់​បង់​ហើយ​ លាង​ហើយ​ សំអាត​ហើយ​ ជម្រះ​ឲ្យ​ស្អាត​ហើយ​ ដោយ​សម្មាសង្កប្បៈ។ មិច្ឆាវាចា​ លោក​កំចាត់​បង់​ហើយ​ ដោយ​សម្មាវាចា។ មិច្ឆា​កម្មន្តៈ​ លោក​កំចាត់​បង់​ហើយ​ ដោយ​សម្មា​កម្មន្តៈ​។ មិច្ឆាអាជីវៈ​ លោក​កំចាត់​បង់​ហើយដោយ​សម្មាអាជីវៈ។ មិច្ឆា​វាយាមៈ​ លោក​កំចាត់​បង់​ហើយ​ ដោយ​សម្មា​វាយាមៈ។ មិច្ឆាសតិ​ លោក​កំចាត់​បង់​ហើយ​ដោយ​សម្មាសតិ។ មិច្ឆាសមាធិ​ លោក​កំចាត់​បង់​ហើយ​ ដោយ​សម្មាសមាធិ។ មិច្ឆា​ញាណៈ​ លោក​កំចាត់​បង់​ហើយ​ ដោយ​សម្មា​ញាណៈ។ មិច្ឆា​វិមុត្តិ លោក​កំចាត់​បង់​ហើយ​ លាង​ហើយ​ សំអាត​ហើយ​ ជម្រះ​ឲ្យ​ស្អាត​ហើយ​ ដោយ​សម្មា​វិមុត្តិ។ មួយទៀត​ កិលេស​ទាំងអស់​ ទុច្ចរិត​ទាំងអស់​ សេចក្តី​ក្រវល់ក្រវាយ​ទាំងអស់​ សេចក្តី​អន្ទះអន្ទែង​ទាំងអស់​ សេចក្តី​ក្តៅក្រហាយ​ទាំងអស់​ ការ​តាក់តែង​អកុសល​ទាំងអស់​ លោក​កំចាត់​បង់​ហើយ​ លាង​ហើយ​ សំអាត​ហើយ​ ជម្រះ​ឲ្យ​ស្អាត​ហើយ​ ដោយ​អរិយមគ្គ​មាន​អង្គ​ ៨ ប្រការ។ ព្រះអរហន្ត​ចូល​ទៅ​ ចូល​ទៅ​ព្រម​ ចូល​ទៅ​ជិត​ ផ្តេកផ្តិត​ កើត​ កើតឡើង​ជាមួយ​ ប្រកបដោយ​ធោនេយ្យ​ធម៌​ទាំងនេះ​ ព្រោះហេតុនោះ​ ព្រះអរហន្ត​ឈ្មោះថា អ្នកមាន​ប្រាជ្ញា​កំចាត់។ ព្រះអរហន្ត​នោះ​ កំចាត់​បង់​រាគៈ​ កំចាត់​បង់​បាប​ កំចាត់​បង់​កិលេស​ កំចាត់​បង់​សេចក្តី​អន្ទះអន្ទែង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អ្នកមាន​ប្រាជ្ញា​កំចាត់។
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 637349972820467389
ទៅកាន់ទំព័រ៖