ព្រះត្រៃបិដក ភាគ ៦៤
[២២៣] ពាក្យថា បុគ្គលមានប្រាជ្ញាកំចាត់នោះ រមែងមិនត្រេក មិនទ្រាន់ សេចក្តីថា ពាលបុថុជ្ជនទាំងអស់ រមែងត្រេក សេក្ខបុគ្គល ៧ ពួក រាប់ទាំងកល្យាណបុថុជ្ជនផង រមែងទ្រាន់ ព្រះអរហន្ត រមែងមិនត្រេក មិនទ្រាន់។ ព្រះអរហន្តនោះ ប្រាសចាកតម្រេក ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈ ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈ ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈហើយ។ ព្រះអរហន្តនោះ មានការអប់រំព្រហ្មចរិយធម៌ស្រេចហើយ មានការប្រព្រឹត្តិ ប្រព្រឹត្តរួចហើយ។បេ។ ភពថ្មីរបស់ព្រះអរហន្តនោះ មិនមានទេ ហេតុនោះ (ទ្រង់ត្រាស់) ថា បុគ្គលមានប្រាជ្ញាកំចាត់នោះ រមែងមិនត្រេក មិនទ្រាន់។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
បុគ្គលមានប្រាជ្ញាកំចាត់ មិនសំគាល់នូវអារម្មណ៍ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ដោយវត្ថុនោះ មិនប្រាថ្នាសេចក្តីបរិសុទ្ធិដោយហេតុដទៃ បុគ្គលមានប្រាជ្ញាកំចាត់នោះ រមែងមិនត្រេក មិនទ្រាន់។
ចប់ ជរាសុត្តនិទ្ទេស ទី៦។
ID: 637349975517069270
ទៅកាន់ទំព័រ៖