ព្រះត្រៃបិដក ភាគ ៦៤
យ៉ាងណា ធម៌របស់ជនពីរនាក់ដែលត្រេកអរ ត្រេកអរខ្លាំង ជោក (ដោយរាគៈ) រួបរឹត (ដោយរាគៈ) មានចិត្តត្រូវកិលេសគ្របសង្កត់ ស្មើគ្នាទាំងពីរនាក់ ព្រោះហេតុនោះ ទើបលោកហៅថា មេថុនធម្ម យ៉ាងនោះដែរ។ ពាក្យថា ប្រកបរឿយៗក្នុងមេថុន បានសេចក្តីថា ប្រកប តាក់តែង ប្រដុងប្រជា ប្រកបព្រមក្នុងមេថុនធម្ម ប្រព្រឹត្តមេថុនធម្មនោះ ក្រាស់ដោយមេថុនធម្មនោះ គោរពមេថុនធម្មនោះ ឱនទៅក្នុងមេថុនធម្មនោះ ទោរទៅក្នុងមេថុនធម្មនោះ ឈមមុខទៅក្នុងមេថុនធម្មនោះ ចុះចិត្តស៊ប់ទៅក្នុងមេថុនធម្មនោះ ធ្វើមេថុនធម្មនោះឲ្យជាធំ ហេតុនោះ (លោកពោលថា) ប្រកបរឿយៗ ក្នុងមេថុន។
[២២៦] អធិប្បាយពាក្យថា ព្រះតិស្សមេត្តេយ្យៈមានអាយុ ក្រាបទូលយ៉ាងនេះ ត្រង់ពាក្យថា យ៉ាងនេះ គឺជាពាក្យភ្ជាប់បទ ជាប់ដោយបទ បំពេញបទ ប្រជុំនៃអក្ខរៈ សម្រួលព្យញ្ជនៈ ពាក្យថា យ៉ាងនេះ នុ៎ះជាលំដាប់នៃបទ។ ពាក្យថា មានអាយុ គឺពាក្យ ជាទីស្រឡាញ់ ពាក្យជាទីគោរព ពាក្យប្រកបដោយសេចក្តីគោរព ពាក្យថា មានអាយុនុ៎ះ ជាពាក្យប្រកបដោយសេចក្តីកោតក្រែង។ ពាក្យថា តិស្សៈ គឺជានាម ការរាប់ ឈ្មោះ បញ្ញត្តិ វោហារ ជានាម អំពើរបស់នាម ពាក្យទ្រទ្រង់ទុកនូវនាម ភាសា ព្យញ្ជនៈ ការហៅរកនៃព្រះថេរៈនោះ។
ID: 637349976900687626
ទៅកាន់ទំព័រ៖