ព្រះត្រៃបិដក ភាគ ៦៤
ធម៌របស់បុគ្គលពីរនាក់ ដែលត្រេកអរ ត្រេកអរខ្លាំង ជោក (ដោយរាគៈ) រួបរឹត (ដោយរាគៈ) មានចិត្តត្រូវកិលេសគ្របសង្កត់ស្មើគ្នាទាំងពីរនាក់ ព្រោះហេតុនោះ ទើបលោកហៅថា មេថុនធម្ម យ៉ាងនោះដែរ។ ពាក្យថាប្រកបរឿយ ៗ ក្នុងមេថុន គឺប្រកប តាក់តែង ប្រដុងប្រជា ប្រកបព្រមក្នុងមេថុនធម្ម ប្រព្រឹត្តមេថុនធម្មនោះ ក្រាស់ដោយមេថុនធម្មនោះ គោរពមេថុនធម្មនោះ ឱនទៅក្នុងមេថុនធម្មនោះ ទោរទៅក្នុងមេថុនធម្មនោះ ឈមមុខទៅក្នុងមេថុនធម្មនោះ ចុះចិត្តស៊ប់ក្នុងមេថុនធម្មនោះ ធ្វើមេថុនធម្មនោះឲ្យជាធំ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលអ្នកប្រកបរឿយៗ ក្នុងមេថុនធម្ម។ ព្រះមានព្រះភាគ ត្រាស់ហៅព្រះថេរៈនោះតាមគោត្រថា ម្នាលមេត្តេយ្យៈ។ ពាក្យថា ព្រះមានព្រះភាគ ជាពាក្យពោលដោយគោរព។ មួយទៀត ព្រះពុទ្ធមានរាគៈបំបាក់បង់ហើយ ហេតុនោះ ឈ្មោះថា ព្រះមានព្រះភាគ។ មានទោសៈបំបាក់បង់ហើយ ហេតុនោះ ឈ្មោះថា ព្រះមានព្រះភាគ។ មានមោហៈបំបាក់បង់ហើយ ហេតុនោះ ឈ្មោះថាព្រះមានព្រះភាគ។ មានមានះបំបាក់បង់ហើយ ហេតុនោះ ឈ្មោះថាព្រះមានព្រះភាគ។ មានទិដ្ឋិបំបាក់បង់ហើយ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ។ មានបន្លា គឺកិលេសបំបាក់បង់ហើយ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ។
ID: 637349979646670609
ទៅកាន់ទំព័រ៖