ព្រះត្រៃបិដក ភាគ ៦៤
អនុបុព្វវិហារសមាបត្តិ ៩ ហេតុនោះ ឈ្មោះថា ព្រះមានព្រះភាគ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គមានចំណែកសញ្ញាភាវនា ១០ កសិណសមាបត្តិ ១០ អាណាបានស្សតិសមាធិ និងអសុភសមាបត្តិ ហេតុនោះ ឈ្មោះថា ព្រះមានព្រះភាគ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គមានចំណែកសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គប្រកបដោយអង្គ ៨ ហេតុនោះឈ្មោះថា ព្រះមានព្រះភាគ។ មួយទៀត ព្រះមានបុណ្យ ព្រះអង្គមានចំណែកតថាគតពល ១០ វេសារជ្ជៈ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ ធម៌របស់ព្រះពុទ្ធ ៦ យ៉ាង ហេតុនោះ ឈ្មោះថា ព្រះមានព្រះភាគ។ ព្រះនាមថា មានព្រះភាគនុ៎ះ មិនមែនព្រះមាតាធ្វើ មិនមែនព្រះបិតាធ្វើ មិនមែនបងប្អូនប្រុសធ្វើ មិនមែនបងប្អូនស្រីធ្វើ មិនមែនមិត្រ និងអាមាត្យធ្វើ មិនមែនញាតិសាលោហិតធ្វើ មិនមែនសមណៈ និងព្រាហ្មណ៏ធ្វើ មិនមែនទេវតាធ្វើទេ (ព្រះនាមថា មានព្រះភាគ) នុ៎ះ របស់ព្រះពុទ្ធទាំងឡាយមានព្រះភាគ ជាព្រះនាមកើតក្នុងទីបំផុតវិមោក្ខ គឺសេចក្តីបញ្ញត្តិថា មានព្រះភាគនេះ (កើត) អំពីការបានត្រាស់ ដំណាលគ្នានឹងការបានចំពោះសព្វញ្ញុតញ្ញាណទៀបគល់ពោធិព្រឹក្ស ហេតុនោះ (លោកពោលថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលមេតេ្តយ្យៈ។
ID: 637349980356606986
ទៅកាន់ទំព័រ៖