ព្រះត្រៃបិដក ភាគ ៦៤
ជាធម្មកថិកក្តី ជាអ្នកកាន់អារញ្ញិកធុតង្គក្តី ជាអ្នកកាន់បិណ្ឌបាតិកធុតង្គក្តី ជាអ្នកកាន់បង្សុកូលិកធុតង្គក្តី ជាអ្នកកាន់តេចីវរិកធុតង្គក្តី ជាអ្នកកាន់សបទានចារិកធុតង្គក្តី ជាអ្នកកាន់ខលុបច្ឆាភត្តិកធុតង្គក្តី ជាអ្នកកាន់នេសជ្ជិកធុតង្គក្តី ជាអ្នកកាន់យថាសន្ថតិកធុតង្គក្តី ជាអ្នកបានបឋមជ្ឈានក្តី ជាអ្នកបានទុតិយជ្ឈានក្តី ជាអ្នកបានតតិយជ្ឈានក្តី ជាអ្នកបានចតុត្ថជ្ឈានក្តី ជាអ្នកបានអាកាសានញ្ចាយតនសមាបត្តិក្តី ជាអ្នកបានវិញ្ញាណញ្ចាយតនសមាបត្តិក្តី ជាអ្នកបានអាកិញ្ចញ្ញាយតនសមាបតិ្តក្តី ជាអ្នកបាននេវសញ្ញានាសញ្ញាយតនសមាបតិ្តក្តី នេះឈ្មោះថា កេរ្តិ៍ឈ្មោះ។ ពាក្យថា យស និងកេរ្តិ៍ឈ្មោះណា ធ្លាប់មានក្នុងកាលមុន យស និងកេរ្តិ៍ឈ្មោះនោះ របស់បុគ្គលនោះ រមែងសាបសូន្យទៅ បានសេចក្តីថា កាលបព្វជិតនោះ ពោលលាព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងសិក្ខា ក្នុងសម័យដទៃ ហើយត្រឡប់ដើម្បីភេទថោកទាប យស និងកេរ្តិ៍ឈ្មោះនោះ រមែងសូន្យ សាបរលាប ខ្ចាត់ចេញ ជ្រុះចេញ បាត់បង់ វិនាស ហេតុនោះ (ទ្រង់ត្រាស់ថា) យស និងកេរ្តិ៍ឈ្មោះណា ធ្លាប់មានក្នុងកាលមុន យស និងកេរ្តិ៍ឈ្មោះនោះ របស់បុគ្គលនោះ រមែងសាបសូន្យទៅ។
ID: 637349984372756007
ទៅកាន់ទំព័រ៖