ព្រះត្រៃបិដក ភាគ ៦៤
ម្នាលអាវុសោ អ្នកនោះពេញជាឥតលាភមែន ការបាន (អត្តភាពជាមនុស្ស) អ្នកបានដោយកម្រ ព្រោះថាជាអ្នកបានគ្រូដ៏ថ្លៃថ្លាមានសភាពយ៉ាងនេះ បួសក្នុងធម៌វិន័យដែលព្រះមានព្រះភាគ សំដែងល្អហើយយ៉ាងនេះ បានពួកព្រះអរិយៈ មានសភាពយ៉ាងនេះត្រឡាំង ហើយពោលលានូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងសិក្ខា ហើយត្រឡប់មកកាន់ភេទថោកទាប ព្រោះហេតុមេថុនធម្មដ៏ថោកទាប សូម្បីតែសទ្ធារបស់អ្នកក្នុងកុសលធម៌ ក៏មិនមាន សូម្បីតែហិរិរបស់អ្នកក្នុងកុសលធម៌ ក៏មិនមាន សូម្បីតែឱត្តប្បៈរបស់អ្នកក្នុងកុសលធម៌ ក៏មិនមាន សូម្បីតែវីរិយៈរបស់អ្នកក្នុងកុសលធម៌ ក៏មិនមាន សូម្បីតែសតិរបស់អ្នកក្នុងកុសលធម៌ ក៏មិនមាន សូម្បីតែបញ្ញារបស់អ្នកក្នុងកុសលធម៌ ក៏មិនមាន បុគ្គលអ្នកភ្លាត់នោះ លុះស្តាប់ ឮ រៀន ពិចារណា កំណត់នូវពាក្យ គន្លងពាក្យ ទេសនា ការប្រៀនប្រដៅរបស់ជនទាំងឡាយនោះ ក៏រមែងអៀនអន់ ចង្អៀតចង្អល់ ក្រៀមក្រំ ឈឺចាប់ តូចចិត្ត។ ពាក្យថា បុគ្គលមានសភាពដូច្នោះ គឺបុគ្គលណា ជាអ្នកភ្លាត់ បុគ្គលនោះ ឈ្មោះថាមានសភាពដូច្នោះ ប្រាកដដូច្នោះ ឋិតនៅដូច្នោះ មានប្រការៈដូច្នោះ មានចំណែកប្រៀបដូច្នោះ ហេតុនោះ (ទ្រង់ត្រាស់ថា) បព្វជិតមានសភាពដូច្នោះ លុះឮពាក្យសំដីរបស់ពួកជនដទៃហើយ រមែងអៀនអន់។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
ID: 637350007229020058
ទៅកាន់ទំព័រ៖