ព្រះត្រៃបិដក ភាគ ៦៤
មានប្រាជ្ញា ជាពហុស្សូត មានពាក្យដ៏វិចិត្រ មានប្រាជ្ញាល្អ ជាអ្នកដែលគេដឹងហើយ ដឹងច្បាស់ហើយ ដឹងសុសសាយហើយ យ៉ាងនេះថា ជាអ្នកទ្រទ្រង់ព្រះសូត្រក្តី ទ្រទ្រង់វិន័យក្តី ជាធម្មកថិកក្តី។ បេ។ ជាអ្នកបាននេវសញ្ញានាសញ្ញាយតនសមាបត្តិក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលដែលគេដឹងច្បាស់ហើយថាជាបណ្ឌិត។
[២៥២] ពាក្យថា អធិដ្ឋានការប្រព្រឹត្តិតែម្នាក់ឯង អធិប្បាយថា បុគ្គលអធិដ្ឋានការប្រព្រឹត្តិតែម្នាក់ឯង ដោយហេតុ ២ គឺដោយចំណែកបព្វជ្ជាក្តី ដោយការលះបង់ពួកក្តី។ បុគ្គលអធិដ្ឋានការប្រព្រឹត្តិតែម្នាក់ឯង ដោយចំណែកបព្វជ្ជា តើដូចម្តេច។ បុគ្គលផ្តាច់បង់សេចក្តីខ្វល់ខ្វាយ គឺឃរាវាសទាំងពួង។បេ។ អធិដ្ឋានការប្រព្រឹត្តិតែម្នាក់ឯង ដោយចំណែកបព្វជា្ជយ៉ាងនេះឯង។ បុគ្គលអធិដ្ឋានការប្រព្រឹត្តិតែម្នាក់ឯង ដោយការលះបង់ពួក តើដូចម្តេច។ បុគ្គលនោះបួសយ៉ាងនេះហើយ ជាអ្នកម្នាក់ឯង គប់សេនាសនៈស្ងាត់ គឺព្រៃតូច ព្រៃធំ។បេ។ អធិដ្ឋានការប្រព្រឹត្តិតែម្នាក់ឯង ដោយការលះបង់ពួកយ៉ាងនេះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) អធិដ្ឋានការប្រព្រឹត្តិតែម្នាក់ឯង។
[២៥៣] ពាក្យថា តែខាងក្រោយមក ជាអ្នកប្រកបក្នុងមេថុនធម្ម អធិប្បាយថា ឈ្មោះថាមេថុនធម្ម បានខាងធម៌របស់អសប្បុរស។បេ។
ID: 637350009301946377
ទៅកាន់ទំព័រ៖