ព្រះត្រៃបិដក ភាគ ៦៤
ហេតុនោះ ទើបលោកហៅថា មេថុនធម្ម។ ពាក្យថា តែខាងក្រោយមក ជាអ្នកប្រកបក្នុងមេថុនធម្ម គឺសម័យខាងក្រោយ បុគ្គលនោះពោលលាព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងសិក្ខា វិលមកដើម្បីភេទថោកទាប ប្រកប តាក់តែង ប្រដុងប្រជា ប្រកបព្រមក្នុងមេថុនធម្ម ហេតុនោះ (ទ្រង់ត្រាស់ថា) តែខាងក្រោយមក ជាអ្នកប្រកបក្នុងមេថុនធម្ម។
[២៥៤] ពាក្យថា និងត្រដាបត្រដួស ដូចបុគ្គលល្ងង់ខ្លៅ អធិប្បាយថា បុគ្គលនោះ នឹងលំបាក ចង្អៀតចង្អល់ សៅហ្មង ដូចមនុស្សកំពា្រ ឬដូចមនុស្សល្ងង់ខ្លៅ គឺរមែងសម្លាប់សត្វខ្លះ កាន់យកទ្រព្យដែលគេមិនឲ្យខ្លះ កាត់តំណ (នៃផ្ទះ) ខ្លះ វាយប្រហារ ទាំងប្លន់ខ្លះ ធ្វើអាការកំហែងក្នុងផ្ទះមួយខ្លះ ឈរចាំស្កាត់ដណ្តើមយកខ្លះ គប់រកប្រពន្ធរបស់ជនដទៃខ្លះ ពោលពាក្យកុហកខ្លះ និងលំបាក ចង្អៀតចង្អល់ សៅហ្មង យ៉ាងនេះខ្លះ។ ព្រះរាជាទាំងឡាយឲ្យចាប់បុគ្គលនោះឯងហើយ ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យគេវាយដោយរំពាត់ខ្លះ ឲ្យគេវាយដោយផ្តៅខ្លះ ឲ្យគេវាយដោយដំបងខ្លីខ្លះ កាត់ដៃខ្លះ កាត់ជើងខ្លះ កាត់ទាំងដៃទាំងជើងខ្លះ កាត់ស្លឹកត្រចៀកខ្លះ កាត់ច្រមុះខ្លះ កាត់ទាំងត្រចៀក ទាំងច្រមុះខ្លះ ធ្វើវិលង្គថាលិកកម្ម គឺអំពើដែលគេធ្វើក្បាលឲ្យដូចជាឆ្នាំង ដាក់ជ្រក់ខ្លះ ធ្វើសង្ខមុណ្ឌកកម្ម គឺអំពើដែលគេធ្វើក្បាលឲ្យរលើងដូចជាសម្បកស័ង្ខខ្លះ ធ្វើរាហុមុខកម្ម គឺអំពើដែលគេធ្វើមាត់ឲ្យដូចជាមាត់រាហូខ្លះ
ID: 637350009729345869
ទៅកាន់ទំព័រ៖