ព្រះត្រៃបិដក ភាគ ៦៤
ធ្វើជោតិមាលិកកម្ម គឺអំពើដែលគេដុតខ្លួន ឲ្យមានរបៀបនៃអណ្តាតភ្លើងខ្លះ ធ្វើហត្តប្បជោតិកកម្ម គឺអំពើដែលគេដុតដៃខ្លះ ធ្វើឯរកវត្តិកកម្ម គឺអំពើដែលគេធ្វើដូចជាពន្លាត់ស្បែកពពែខ្លះ ធ្វើចិរកវាសិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាស្លៀកសំពត់សម្បកឈើខ្លះ ធ្វើឯណេយ្យកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាជើងសត្វទ្រាយខ្លះ ធ្វើពឡិសមំសិកកម្ម គឺអំពើដែលគេថ្ពក់មាត់ដោយកាង ឬសន្ទូចខ្លះ ធ្វើកហាបណកកម្ម គឺអំពើដែលគេធ្វើឲ្យខូចសរីរៈប្រមាណប៉ុនកហាបណៈមួយ ៗ ខ្លះ ធ្វើខារាបតច្ឆិកកម្ម គឺអំពើដែលគេយកទឹកផ្សាស្រោចខ្លះ ធ្វើបលិឃបរិវត្តិកកម្ម គឺអំពើដែលគេធ្វើដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ ធ្វើបលាលបីឋកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាកណ្តាប់ចម្បើងខ្លះ ស្រោចដោយប្រេងកំពុងក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងារលើឈើអណ្តោតទាំងរស់ខ្លះ កាត់ក្បាលដោយដាវខ្លះ
(១) បុគ្គលនោះ នឹងលំបាក ចង្អៀតចង្អល់ សៅហ្មង ដោយប្រការយ៉ាងនេះខ្លះ។ មួយទៀត បុគ្គលដែលត្រូវកាមតណ្ហាគ្របសង្កត់ មានចិត្តគឺកាមតណ្ហារួបរឹត ស្វែងរកភោគៈទាំងឡាយ ចេញទៅកាន់មហាសមុទ្រដោយនាវា ត្រូវត្រជាក់ចោមរោម ត្រូវកំដៅចោមរោម លំបាកដោយសម្ផស្សនៃល្បោម មូស ខ្យល់ កំដៅ ពស់តូច និងពស់ធំ ត្រូវសេចក្តីស្រេកឃ្លានបៀតបៀន រមែងទៅកាន់ស្រុកគុម្ពៈ
(១) មានក្នុងមជ្ឈិមនិកាយ ត្រង់មហាទុក្ខក្ខន្ធសូត្រ។
ID: 637350010183467614
ទៅកាន់ទំព័រ៖