ព្រះត្រៃបិដក ភាគ ៦៤
បុគ្គលកាលស្វែងរកទ្រព្យបាន លុះបានហើយ ក៏ទទួលទុក្ខ និងទោមនស្ស មានការថែរក្សាជាមូលថា ធ្វើដូចម្តេចហ្ន៎ ព្រះរាជាទាំងឡាយនឹងមិននាំយកទៅ ចោរទាំងឡាយ នឹងមិនលួចយក ភ្លើងនឹងមិនឆេះ ទឹកនឹងមិនបន្សាត់ទៅ ជនជាទាយាទមិនជាទីស្រឡាញ់ នឹងមិននាំយកភោគៈទាំងឡាយរបស់អញ កាលបុគ្គលនោះ កំពុងរក្សា កំពុងគ្រប់គ្រងយ៉ាងនេះ ភោគៈទាំងឡាយ ក៏វិនាសទៅ (បុគ្គលនោះ) រមែងទទួលទុក្ខ និងទោមនស្ស មានការព្រាត់បា្រសជាមូល បុគ្គលនោះនឹងលំបាក ចង្អៀតចង្អល់ សៅហ្មង ដោយប្រការយ៉ាងនេះខ្លះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនឹងត្រដាបត្រដួស ដូចជាបុគ្គលល្ងង់ខ្លៅ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
បុគ្គលដែលគេដឹងច្បាស់ហើយថាជាបណ្ឌិត អធិដ្ឋានការប្រព្រឹត្តិម្នាក់ឯង តែខាងក្រោយមក ជាអ្នកប្រកបក្នុងមេថុនធម្ម នឹងត្រដាបត្រដួសដូចបុគ្គលល្ងង់ខ្លៅ។
[២៥៥] មុនិក្នុងធម្មវិន័យនេះ ដឹងទោសនុ៎ះហើយក្នុងកាលមុន និងកាលខាងក្រោយ គប្បីធ្វើការប្រព្រឹត្តិម្នាក់ឯងឲ្យមាំ មិនគប្បីសេពសមមេថុនធម្មទេ។
ID: 637350010981384322
ទៅកាន់ទំព័រ៖