ព្រះត្រៃបិដក ភាគ ៦៤
សេចក្តីស្នេហាក្នុងកាម សេចក្តីអន្ទះអន្ទែងក្នុងកាម ការជ្រប់ក្នុងកាម ការងប់ចុះក្នុងកាម អន្លង់គឺកាម គ្រឿងប្រកបគឺកាម ការថ្ពក់ជាប់គឺកាម នីវរណៈគឺកាមច្ឆន្ទៈ (និងពាក្យដែលព្រះមានព្រះភាគត្រាស់ថា)
នែកាម តថាគត បានឃើញឫសគល់របស់អ្នកហើយ នែកាម អ្នកឯងកើតអំពីសេចក្តីត្រិះរិះ តថាគត មិនត្រិះរិះចំពោះអ្នកទេ នែកាម អ្នកនឹងមិនមានយ៉ាងនេះទេ។
ទាំងនេះ លោកហៅថា កិលេសកាម។ ពាក្យថា កាលសត្វបា្រថ្នាកាម គឺកាលត្រូវការ កាលចង់បាន កាលត្រេកអរ កាលតាំងទុក កាលស្រឡាញ់ កាលជាប់ចំពាក់ ចំពោះកាម ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) កាលសត្វបា្រថ្នាកាម។
[៣] អធិប្បាយពាក្យថា បើវត្ថុនោះ សម្រេចដល់សត្វនោះ ត្រង់ពាក្យថា បើ… ដល់សត្វនោះ គឺដល់សត្វនោះ ទោះក្សត្រក្តី ព្រាហ្មណ៍ក្តី វេស្សៈក្តី សូទ្រៈក្តី គ្រហស្ថក្តី បព្វជិតក្តី ទេវតាក្តី មនុស្សក្តី។ ពាក្យថាវត្ថុនោះ លោកសំដៅយកវត្ថុកាម គឺរូបជាទីគាប់ចិត្ត សំឡេងជាទីគាប់ចិត្ត ក្លិនជាទីគាប់ចិត្ត រសជាទីគាប់ចិត្ត ផ្សព្វជាទីគាប់ចិត្ត។ ពាក្យថា សម្រេច គឺស្រេច ស្រេចបាច់ បាន បានចំពោះ បានស៊ប់ បានប្រទះ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) បើវត្ថុនោះសម្រេចដល់សត្វនោះ។
ID: 637349100501198229
ទៅកាន់ទំព័រ៖