ព្រះត្រៃបិដក ភាគ ៦៤
បសូរសុត្តនិទ្ទេស ទី៨
[២៦៨] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ពួកសមណព្រាហ្មណ៍ដ៏ច្រើន តែងពោលនូវការស្អាត ក្នុងធម៌របស់ខ្លួននេះ មិនពោលនូវការស្អាតក្នុងធម៌ដទៃ អាស្រ័យសភាវៈណា រមែងពោលថាល្អ ក្នុងសភាវៈនោះ ជាអ្នកតាំងនៅមាំក្នុងពួកសច្ចៈដោយឡែក។
[២៦៩] ពាក្យថា តែងពោលនូវការស្អាត ក្នុងធម៌របស់ខ្លួននេះ អធិប្បាយថា (សមណព្រាហ្មណ៍ទាំងឡាយ) តែងពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ក្នុងធម៌នេះថា លោកទៀង ពាក្យនេះជាពាក្យពិត ពាក្យដទៃជាមោឃៈ ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះថា លោកមិនទៀង លោកមានទីបំផុត លោកមិនមានទីបំផុត ជីវៈនោះ សរីរៈនោះ ជីវៈដទៃ សរីរៈដទៃ សត្វបន្ទាប់អំពីសេចក្តីស្លាប់ កើតទៀតក៏មាន សត្វបន្ទាប់អំពីសេចក្តីស្លាប់ មិនកើតទៀតក៏មាន សត្វបន្ទាប់អំពីសេចក្តីស្លាប់ កើតទៀតក៏មាន មិនកើតទៀតក៏មាន
ID: 637350015255223263
ទៅកាន់ទំព័រ៖