ព្រះត្រៃបិដក ភាគ ៦៤

សត្វ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ មិនកើត​ទៀត​ ក៏​មិនមែន​ កើត​ទៀត​ក៏​មិនមែន​ ពាក្យ​នេះ​ ជា​ពាក្យពិត​ ពាក្យ​ដទៃ​ជា​មោឃៈ​ បាន​ពោល​ សំដែង​ ពណ៌នា​ បំភ្លឺ​ ថ្លែង​ នូវ​ការ​ស្អាត​ ស្អាត​វិសេស​ បរិសុទ្ធិ​ ការ​រួច​ រួច​វិសេស​ រួច​ស្រឡះ​ ដូច្នេះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) តែង​ពោល​នូវ​ការ​ស្អាត​ ក្នុង​ធម៌​របស់​ខ្លួននេះ។
 [២៧០​] ពាក្យ​ថា​ មិន​ពោល​នូវ​ការ​ស្អាត​ក្នុង​ធម៌​ដទៃ​ គឺ​លើ​កតំ​កើង​នូវ​គ្រូ​របស់​ខ្លួន​ នូវ​ធម៌​ដែល​គ្រូ​នោះ​ពោល​ហើយ​ នូវ​គណៈ​ នូវ​ទិដ្ឋិ​ នូវ​បដិបទា​ និង​មគ្គ​ ហើយ​បោះចោល​ លើកចោល​ ទំលាក់​ចោល​នូវ​វាទៈ​ដទៃ​ទាំងអស់​ថា​ សាស្តា​នោះ​ មិនមែន​ជា​សព្វញ្ញូ​ ធម៌​សាស្តា​នោះ​ មិនមែន​សំដែង​ដោយ​ប្រពៃ​ទេ​ គណៈ​ មិនមែន​ប្រតិ​បតិ្តដោយ​ប្រពៃ​ទេ​ ទិដ្ឋិ មិន​មែន​ចំរើន​ទេ​ បដិបទា​ មិនមែន​បញ្ញត្ត​ដោយ​ប្រពៃ​ទេ​ មគ្គ​ មិនមែន​ជា​ទី​ស្រោចស្រង់​សត្វ​ទេ​ ការ​ស្អាត​ ឬស្អាត​វិសេស​ ឬសេចក្តី​បរិសុទ្ធិ​ ការ​រួច​ ឬរួច​វិសេស​ ឬរួច​ស្រឡះ​ មិន​មាន​ក្នុង​ធម៌​នុ៎ះ​ឡើយ​ ​ពួក​សត្វ​រមែង​មិន​ស្អាត​ ឬមិន​ស្អាត​វិសេស​ ឬមិន​បរិសុទ្ធ​ មិន​រួច​ ឬមិន​រួច​វិសេស​ ឬមិន​រួច​ស្រឡះ​ ក្នុង​ធម៌​នុ៎ះ​ឡើយ​ ទិដ្ឋិ​នោះ ថោកទាប​ ទន់​អន់​ ទន់ទាប​ លាមក​ អាក្រក់​ តិចតួច​ ​ពួក​សមណព្រាហ្មណ៍​ ពោល​យ៉ាងនេះ​ សំដែង​យ៉ាងនេះ​ ពណ៌នា​យ៉ាងនេះ​ បំភ្លឺ​យ៉ាងនេះ​
ថយ | ទំព័រទី ៣០៦ | បន្ទាប់
ID: 637350015660119730
ទៅកាន់ទំព័រ៖