ព្រះត្រៃបិដក ភាគ ៦៤
ជាអ្នកមុតមាំ តាំងនៅ ជាប់ស្អិត ដល់ស៊ប់ ជឿជាក់ថា លោកមិនទៀង។បេ។ សត្វបន្ទាប់អំពីសេចក្តីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន នេះជាពាក្យពិត ពាក្យដទៃជាមោឃៈ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកសមណព្រាហ្មណ៍ដ៏ច្រើន ជាអ្នកតាំងនៅមាំក្នុងពួកសច្ចៈដោយឡែក។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ពួកសមណព្រាហ្មណ៍ដ៏ច្រើន តែងពោលនូវការស្អាត ក្នុងធម៌របស់ខ្លួននេះ មិនពោលនូវការស្អាតក្នុងធម៌ដទៃ អាស្រ័យសភាវៈណា រមែងពោលថាល្អ ក្នុងសភាវៈនោះ ជាអ្នកតាំងនៅមាំ ក្នុងពួកសច្ចៈដោយឡែក។
[២៧៣] ជនទាំងនោះ ជាអ្នកប្រាថ្នាវាទៈ ចុះកាន់បរិស័ទ ជាជនមានគូ ដុតគ្នាទៅវិញទៅមក ថាពាល ជនទាំងនោះ អាស្រ័យសភាពដទៃ ពោលពាក្យឥតឱជា ជាអ្នកប្រាថ្នាការសរសើរ មានវាទៈដ៏ឈ្លាស។
[២៧៤] អធិប្បាយពាក្យថា ជនទាំងនោះ ប្រាថ្នាវាទៈ ចុះកាន់បរិស័ទ ត្រង់ពាក្យថា ជនទាំងនោះប្រាថ្នាវាទៈ គឺជនទាំងនោះ ប្រាថ្នានូវវាទៈ ត្រូវការដោយវាទៈ ប៉ុនប៉ងនូវវាទៈ ធ្វើវាទៈឲ្យតាំងនៅខាងមុខ
ID: 637350016554455198
ទៅកាន់ទំព័រ៖