ព្រះត្រៃបិដក ភាគ ៦៤
ត្រាច់ទៅស្វែងរកវាទៈ។ ពាក្យថា ចុះកាន់បរិស័ទ គឺចុះទៅ លុកទៅ ចុះសំដៅ ចូលទៅរកខតិ្តយបរិស័ទ ព្រាហ្មណបរិស័ទ គហបតិបរិស័ទ សមណបរិស័ទ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនទាំងនោះ ប្រាថ្នាវាទៈ ចុះកាន់បរិស័ទ។
[២៧៥] អធិប្បាយពាក្យថា ជាជនមានគូ ដុតគ្នាទៅវិញទៅមក ថាពាល ត្រង់ពាក្យថា ជាជនមានគូ គឺគ្នាពីរនាក់ គឺថា អ្នកធ្វើនូវជំលោះពីរនាក់ អ្នកធ្វើនូវការប្រកួតប្រកាន់ពីរនាក់ អ្នកធ្វើនូវតិរច្ឆានកថាពីរនាក់ អ្នកធ្វើនូវវិវាទពីរនាក់ អ្នកធ្វើនូវអធិករណ៍ពីរនាក់ អ្នកល្មោភនិយាយពីរនាក់ អ្នកចរចាទៅមកពីរនាក់ ជនទាំងនោះ តែងដុត មើលឃើញ ក្រឡេកមើល សំឡឹងមើល ពិចារណាមើលនូវគ្នានឹងគ្នា ថាពាល ថោកទាប ថោកទាបពេក ទន់ទាប លាមក អាក្រក់ តិចតួច ហេតុនោះ (ទ្រង់ត្រាស់ថា) ជាជនមានគូ ដុតនូវគ្នាទៅវិញទៅមក ថាពាល។
[២៧៦] ពាក្យថា ជនទាំងនោះ អាស្រ័យសភាវៈដទៃ ពោលពាក្យឥតឱជា គឺអាស្រ័យ ពឹងផ្អែក ជាប់ស្អិត ដល់ស៊ប់ ចុះស៊ប់ ជឿជាក់នូវសាស្តា ធម៌ដែលសាស្តានោះសំដែងហើយ គណៈ ទិដ្ឋិ បដិបទា មគ្គដទៃ។ ការឈ្លោះ ប្រកួតប្រកាន់ ទាស់ទែង វិវាទ បែកខ្ញែកគ្នា លោកហៅថា ពាក្យឥតឱជា។ មួយទៀត ពាក្យថា ពាក្យឥតឱជា
ID: 637350016982323572
ទៅកាន់ទំព័រ៖