ព្រះត្រៃបិដក ភាគ ៦៤
[២៧៨] បុគ្គលណា ប្រកបការពោលក្នុងកណ្តាលបរិស័ទ ប្រាថ្នាសេចក្តីសរសើរបុគ្គលនោះ រមែងចង្អៀតចិត្ត កាលបើគេបំបាត់សំដីហើយ រមែងអៀនអន់ បុគ្គលអ្នកស្វែងរកទោសនោះ រមែងខឹង ព្រោះការនិន្ទា។
[២៧៩] ពាក្យថា ប្រកបការពោលក្នុងកណ្តាលបរិស័ទ គឺប្រកប ប្រកបរឿយៗ ប្រកបទួទៅ ប្រកបទួទៅព្រម ប្រកបរឿយៗព្រម ក្នុងពាក្យរបស់ខ្លួន ដើម្បីពោលក្នុងកណ្តាលខត្តិយបរិស័ទក្តី ព្រាហ្មណបរិស័ទក្តី គហបតិបរិស័ទក្តី សមណបរិស័ទក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រកបការពោលក្នុងកណ្តាលបរិស័ទ។
[២៨០] អធិប្បាយពាក្យថា ប្រាថ្នាសេចក្តីសរសើរ បុគ្គលនោះ រមែងចង្អៀតចិត្ត ត្រង់ពាក្យថា ប្រាថ្នាសេចក្តីសរសើរ គឺប្រាថ្នាត្រេកអរ ប៉ុនប៉ង ស្រឡាញ់ ជាប់ចិត្ត នូវសេចក្តីសរសើរ សេចក្តីស្ងើច កេរ្តិឈ្មោះ សេចក្តីចំរើនដោយគុណ។ ពាក្យថា រមែងចង្អៀតចិត្ត គឺមានសេចក្តីសង្ស័យនឹងការចរចា រមែងចង្អៀតចង្អល់មុនថា អាត្មាអញ នឹងមានជ័យឬ ឬថាអាត្មាអញនឹងបរាជ័យ អាត្មាអញនឹងធ្វើការផ្ទុញផ្ទាល់ដូចម្តេចហ្ន៎ នឹងធ្វើការបន្ថយដូចម្តេចហ្ន៎ នឹងធ្វើឲ្យវិសេសដូចម្តេចហ្ន៎ នឹងធ្វើឲ្យវិសេសតបវិញដូចម្តេចហ្ន៎
ID: 637350017876346435
ទៅកាន់ទំព័រ៖