ព្រះត្រៃបិដក ភាគ ៦៤

ព្រោះ​ការ​ប៉ោង​ឡើង​ ចិត្ត​តឹង​ ព្រោះ​ការ​ទ្រោម​ចុះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ការ​ធូរចិត្ត និង​ការ​តឹងចិត្ត​ រមែង​មាន​ ព្រោះ​វាទៈ​ទាំងនេះ។
 [២៩១​] អធិប្បាយ​ពាក្យ​ថា​ បុគ្គល​ឃើញ​ទោស​នេះ​ហើយ​ ត្រូវ​វៀរបង់​សំដី​មិន​មានឱជា​ ត្រង់​ពាក្យ​ថា​ ឃើញ​ទោស​នេះ​ គឺ​ឃើញ​ យល់ ថ្លឹង​ ត្រិះរិះ​ ធ្វើឲ្យ​ច្បាស់​ ធ្វើឲ្យ​ប្រាកដ​នូវ​ទោស​នេះ​ ក្នុង​ការ​ឈ្លោះ​ព្រោះ​ទិដ្ឋិ​ ក្នុង​ការប្រកួត​ប្រកាន់​ព្រោះ​ទិដ្ឋិ​ ក្នុង​ការ​ទាស់ទែង​ព្រោះ​ទិដ្ឋិ​ ក្នុង​វិវាទ​ព្រោះ​ទិដ្ឋិ​ ក្នុង​ការ​បែកខ្ញែក​គ្នា​ព្រោះ​ទិដ្ឋិ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ឃើញ​ទោស​នេះ។ ពាក្យ​ថា​ ត្រូវ​វៀរបង់​សំដី​មិន​មានឱជា​ គឺ​ជំលោះ​ ការ​ប្រកួត​ប្រកាន់​ ការទាស់ទែង​ ការវិវាទ​ ការ​បែកខ្ញែក​គ្នា​ លោក​ហៅថា​ សំដី​មិន​មាន​ឱជា។ មួយទៀត​ ពាក្យ​មិន​មានឱជា​នោះ​ ហៅថា​ សំដី​មិន​មានឱជា។ បុគ្គល​មិន​គប្បី​ធ្វើ​សំដី​មិន​មានឱជា​ គឺ​មិន​គប្បី​ធ្វើ​ជំលោះ​ មិន​គប្បី​ធ្វើការ​ប្រកួត​ប្រកាន់​ មិន​គប្បី​ធ្វើការ​ទាស់ទែង​ មិន​គប្បី​ធ្វើការ​វិវាទ​ មិន​គប្បី​ធ្វើការ​បែកខ្ញែក​គ្នា​ គប្បី​លះបង់​ គប្បី​បន្ទោបង់​ គប្បី​ធ្វើ​ឲ្យ​វិនាស​ គប្បី​ឲ្យ​ដល់​នូវ​ការ​មិនកើត​មាន​ជំលោះ​ ការប្រកួត​ប្រកាន់​ ការទាស់ទែង​ ការ​វិវាទ​ និង​ការ​បែកខ្ញែក​គ្នា។ បុគ្គល​គប្បី​ជា​អ្នក​ឆ្ងាយ​ វៀរ​ស្រឡះ​ វៀរ​ចំពោះ​ ចៀសវាង​ លះបង់​ ផុត​ស្រឡះ​ ប្រក​ប ប្រាសចាក​ជម្លោះ​ ការប្រកួត​ប្រកាន់​ ការទាស់ទែង​ ការវិវាទ​ និង​ការ​បែកខ្ញែក​គ្នា​
ថយ | ទំព័រទី ៣១៩ | បន្ទាប់
ID: 637350021303043894
ទៅកាន់ទំព័រ៖