ព្រះត្រៃបិដក ភាគ ៦៤
មួយទៀត បុគ្គលកាលសើចបញ្ចេញធ្មេញ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះរីករាយ។ ពាក្យថា ក្រអឺតក្រអោង ដោយហេតុនោះ គឺបុគ្គលនោះ មានចិត្តប៉ោងឡើង មានចិត្តខ្ពស់ឡើង មានចិត្តដូចជាទង់ជ័យ មានចិត្តផ្គងឡើង ភាពនៃចិត្តមានសេចក្តីប្រាថ្នាដូចជាទង់ ដោយប្រយោជន៍ គឺការឈ្នះនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ រីករាយ ក្រអឺតក្រអោង ដោយហេតុនោះ។
[២៩៧] ពាក្យថា ដល់នូវប្រយោជន៍នោះ ជាអ្នកមានចិត្តតាំងនៅដូចដើម គឺដល់ លុះ សម្រេចបាន បានចំពោះនូវប្រយោជន៍ គឺការឈ្នះនោះ។ ពាក្យថា ជាអ្នកមានចិត្តតាំងនៅដូចដើម គឺជាអ្នកមានចិត្តដូចដើម មានគំនិតដូចដើម មានសេចក្តីត្រិះរិះដូចដើម មានការដឹងដូចដើម ហេតុនោះ (ទ្រង់ត្រាស់ថា) បានដល់នូវប្រយោជន៍នោះ ជាអ្នកមានចិត្តតាំងនៅដូចដើម។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
មួយទៀត បុគ្គលនោះពោលវាទៈក្នុងកណ្តាលបរិស័ទ ត្រូវគេសរសើរហើយ ក្នុងសភាវៈនោះ រមែងរីករាយ ក្រអឺតក្រអោង ដោយហេតុនោះ ដល់នូវប្រយោជន៍នោះហើយ ជាបុគ្គលមានចិត្តតាំងនៅដូចដើម។
ID: 637350022823866979
ទៅកាន់ទំព័រ៖