ព្រះត្រៃបិដក ភាគ ៦៤
ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
ដូចបុគ្គលអ្នកក្លៀវក្លា ដែលគេចិញ្ចឹមដោយខាទនីយភោជនីយាហារ របស់ព្រះរាជា កាលបា្រថ្នាបុគ្គលអ្នកក្លៀវក្លាតប រមែងគម្រាមចូលមក ម្នាលអ្នកក្លៀវក្លា បុគ្គលអ្នកលុះក្នុងទិដ្ឋិនោះ (នៅ) ក្នុងទីណា អ្នកឯងចូរទៅក្នុងទីនោះចុះ ដ្បិតអំពើដែលប្រព្រឹត្តទៅ ដើម្បីតយុទ្ធគា្ន មិនមានតាំងអំពីដើមមក។
[៣០៨] ពួកជនណា ប្រកាន់ទិដ្ឋិហើយ រមែងទាស់ទែងគ្នា មួយទៀត តែងពោលថា នេះឯងជាពាក្យពិត អ្នកចូរពោលនឹងពួកជននោះចុះ កាលដែលវាទៈកើតហើយ កិលេសទាំងឡាយណា ធ្វើជាសេនាតប កិលេសទាំងឡាយនោះ មិនមានក្នុងទីនេះទេ។
[៣០៩] ពាក្យថា ពួកជនណា ប្រកាន់ទិដ្ឋិហើយ រមែងទាស់ទែងគ្នា សេចក្តីថា ពួកជនណា ប្រកាន់ កួចកាន់ ទទួលយក ស្ទាបអង្អែល ជឿស៊ប់ នូវទិដ្ឋិ ៦២ ទិដ្ឋិណាមួយហើយ រមែងទាស់ទែងគ្នា ធ្វើជម្លោះ ធ្វើការប្រកួតប្រកាន់ ធ្វើការទាស់ទែង ធ្វើការវិវាទ ធ្វើការបែកខ្ញែកគ្នាថា អ្នកមិនដឹងច្បាស់នូវធម្មវិន័យនេះទេ ខ្ញុំដឹងច្បាស់នូវធម្មវិន័យនេះ អ្នកដឹងច្បាស់នូវធម្មវិន័យនេះដូចម្តេចបាន អ្នកជាបុគ្គលប្រតិបត្តិខុស ខ្ញុំជាអ្នកប្រតិបត្តិត្រូវ
ID: 637350169047969252
ទៅកាន់ទំព័រ៖