ព្រះត្រៃបិដក ភាគ ៦៤
សំដីរបស់ខ្ញុំប្រកបដោយប្រយោជន៍ សំដីរបស់អ្នក មិនប្រកបដោយប្រយោជន៍ សំដីដែលត្រូវនិយាយមុន អ្នកបែរជានិយាយក្រោយ សំដីដែលត្រូវនិយាយក្រោយ អ្នកបែរជានិយាយមុន ពាក្យដែលអ្នកសន្សំមកអង្វែងហើយ ត្រូវខ្ញុំឲ្យវិលត្រឡប់ហើយ វាទៈ (ទោស) ខ្ញុំលើកដាក់លើអ្នកហើយ អ្នកជាបុគ្គលត្រូវខ្ញុំផ្ទញ់ផ្ទាល់បានហើយ អ្នកចូរត្រាច់ទៅ ដើម្បីដោះវាទៈចុះ ឬបើអ្នកអាច ចូរដោះចុះ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជនណា ប្រកាន់ទិដ្ឋិហើយ រមែងទាស់ទែងគ្នា។
[៣១០] ពាក្យថា មួយទៀត តែងពោលថា នេះឯង ជាពាក្យពិត គឺតែងពោល និយាយ ពណ៌នា បំភ្លឺ ថ្លែងថា លោកទៀង ពាក្យនេះ ជាពាក្យពិត ពាក្យដទៃជាមោឃៈ តែងពោល និយាយ ពណ៌នា បំភ្លឺ ថ្លែងថា លោកមិនទៀង។បេ។ សត្វបន្ទាប់អំពីសេចក្តីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន នេះជាពាក្យពិត ពាក្យដទៃជាមោឃៈ ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត តែងពោលថា នេះជាពាក្យពិត។
[៣១១] ពាក្យថា អ្នកចូរពោលនឹងពួកជននោះចុះ កាលដែលវាទៈកើតហើយ កិលេសទាំងឡាយណា ធ្វើជាសេនាតប កិលេសទាំងឡាយនោះ មិនមានក្នុងទីនេះទេ អធិប្បាយថា អ្នកចូរនិយាយ
ID: 637350169862294324
ទៅកាន់ទំព័រ៖