ព្រះត្រៃបិដក ភាគ ៦៤
ពាក្យផ្ទញ់ផ្ទាល់ ដោយពាក្យផ្ទញ់ផ្ទល់ ពាក្យតបត ដោយពាក្យតបត ពាក្យវិសេស ដោយពាក្យវិសេស ពាក្យវិសេសតប ដោយពាក្យវិសេសតប ពាក្យទំលុះទំលាយ ដោយពាក្យទំលុះទំលាយ ពាក្យដោះស្រាយ ដោយពាក្យដោះស្រាយ ពាក្យកាត់ផ្តាច់ ដោយពាក្យកាត់ផ្តាច់ ពាក្យមានមណ្ឌល ដោយពាក្យមានមណ្ឌល នឹងជនដែលប្រកបដោយទិដ្ឋិទាំងនោះ (ព្រោះថា) ជនទាំងនោះ ជាអ្នកក្លៀវក្លាតប ជាបុរសសត្រូវ ជាសត្រូវតប ជាអ្នកដាល់តប់តបនឹងអ្នក ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកចូរពោលនឹងជនទាំងនោះចុះ។ ពាក្យថា កាលដែលវាទៈកើតហើយ កិលេសទាំងឡាយណា ធ្វើជាសេនាតប កិលេសទាំងឡាយនោះ មិនមានក្នុងទីនេះទេ គឺកាលដែលវាទៈកើតមាន កើតព្រម កើតឡើង កើតច្បាស់ កើតបា្រកដហើយ កិលេសទាំងឡាយណា ធ្វើជាសេនាតប ជាទំនាស់ ជាចម្រូង ជាសត្រូវ គប្បីធ្វើជម្លោះ ធ្វើការប្រកួតប្រកាន់ ធ្វើការទាស់ទែង ធ្វើការវិវាទ ធ្វើការបែកខ្ញែកគ្នា កិលេសទាំងឡាយនោះ មិនមាន មិនកើត មិនមានព្រម មិនកើតមាន គឺតថាគតលះបង់ ផ្តាច់ផ្តិល រម្ងាប់ គ្របសង្កត់ មិនគួរឲ្យកើតបាន បានដុតបំផ្លាញដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកចូរពោលនឹងពួកជននោះចុះ កាលដែលវាទៈកើតហើយ កិលេសទាំងឡាយណា ធ្វើជាសេនាតប កិលេសទាំងឡាយនោះ មិនមានក្នុងទីនេះទេ។
ID: 637350170639583257
ទៅកាន់ទំព័រ៖