ព្រះត្រៃបិដក ភាគ ៦៤
ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
ពួកជនណា ប្រកាន់ទិដ្ឋិហើយ រមែងទាស់ទែងគ្នា មួយទៀត តែងពោលថា នេះឯងជាពាក្យពិត អ្នកចូរពោលនឹងពួកជននោះចុះ កាលដែលវាទៈកើតហើយ កិលេសទាំងឡាយណា ធ្វើជាសេនាតប កិលេសទាំងឡាយនោះ មិនមានក្នុងទីនេះទេ។
[៣១២] មួយទៀត ពួកជនណា ធ្វើសេនាឲ្យវិនាសហើយ ប្រព្រឹត្តទៅ ពួកជននោះ មិនប្រទូស្តទិដ្ឋិដោយទិដ្ឋិទាំងឡាយ ម្នាលអ្នកជាបុគ្គលក្លៀវក្លាតប ការប្រកាន់ថាក្រៃលែង ក្នុងលោកនេះ នៃពួកជនណាមិនមាន អ្នកគប្បីបានអ្វីក្នុងពួកជននោះ។
[៣១៣] ពាក្យថា មួយទៀត ពួកជនណា ធ្វើសេនាឲ្យវិនាស ហើយប្រព្រឹត្តទៅ អធិប្បាយថា មារសេនា លោកហៅថា សេនា។ កាយទុច្ចរិត ជាមារសេនា វចីទុច្ចរិត ជាមារសេនា មនោទុច្ចរិត ជាមារសេនា រាគៈជាមារសេនា ទោសៈជាមារសេនា មោហៈជាមារសេនា កោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងអស់ ទុច្ចរិតទាំងអស់ ការក្រវល់ក្រវាយទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់
ID: 637350171536419056
ទៅកាន់ទំព័រ៖