ព្រះត្រៃបិដក ភាគ ៦៤

 [៣១៥​] ពាក្យ​ថា​ ម្នាល​អ្នកជា​បុគ្គល​ក្លៀវក្លា​តប​ អ្នក​គប្បី​បានអ្វី​ ក្នុង​ពួក​ជន​នោះ​ សេចក្តី​ថា​ ម្នាល​អ្នកជា​បុគ្គល​ក្លៀវក្លា​តប​ ជា​បុរស​សត្រូវ​ ជាស​ត្រូវ​តប​ ជា​អ្នក​ដាល់​តប់​តប​ អ្នក​នឹង​បានអ្វី​ ក្នុង​ពួក​ព្រះអរហន្ត​ខីណាស្រព​នោះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ម្នាល​អ្នកជា​បុគ្គល​ក្លៀវក្លា​ អ្នក​គប្បី​បានអ្វី​ក្នុង​ពួក​ជន​នោះ។
 [៣១៦​] ពាក្យ​ថា​ ការ​ប្រកាន់​ថា​ក្រៃលែង​ ក្នុង​លោក​នេះ​ នៃ​ពួក​ជន​ណា​មិន​មាន​ គឺ​ការ​ប្រកាន់​ ការ​ស្ទាបអង្អែល​ ការ​ចុះចិត្តស៊ប់​ ការ​បង្អោន​ទៅ​ថា​ របស់​នេះ​ក្រៃលែង​ ជា​កំពូល​ ប្រសើរ​ ប្រសើរ​វិសេស​ ជា​ប្រធាន​ដ៏​ឧត្តម​ ប្រសើរ​ក្រៃលែង​ដូច្នេះ​ នៃ​ពួក​ព្រះ​អរហន្ត​ខីណាស្រព​ណា​មិន​មាន​ មិន​មាន​ព្រម​ មិនកើត​មាន​ គឺ​លោក​លះបង់​ ផ្តាច់ផ្តិល​ រម្ងាប់​ គ្រប​សង្កត់​ មិន​គួរឲ្យ​កើត​បាន​ ដុត​បំផ្លាញ​ដោយ​ភ្លើង​ញាណ​ហើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ការ​ប្រកាន់​ថា​ក្រៃលែង​ ក្នុង​លោក​នេះ​ នៃ​ពួក​ជន​ណា​មិន​មាន​ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
មួយទៀត​ ​ពួក​ជន​ណា​ ធ្វើ​សេនា​ឲ្យ​វិនាស​ ហើយ​ប្រព្រឹត្តទៅ ពួក​ជន​នោះ​ មិន​ប្រទូស្ត​ទិដ្ឋិ​ ដោយ​ទិដ្ឋិ​ទាំងឡាយ​ ម្នាល​អ្នកជា​បុគ្គល​ក្លៀវក្លា​តប​ ការ​ប្រកាន់​ថា​ក្រៃលែង​ ក្នុង​លោក​នេះ​ នៃ​ពួក​ជន​ណា​មិន​មាន​ អ្នក​គប្បី​បានអ្វី​ក្នុង​ពួក​ជន​នោះ។
ថយ | ទំព័រទី ៣៣៣ | បន្ទាប់
ID: 637350173209606073
ទៅកាន់ទំព័រ៖