ព្រះត្រៃបិដក ភាគ ៦៤
មួយទៀត អកុសលទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ សេចក្តីអន្ទះអន្ទែងទាំងអស់ អកុសលាភិសង្ខារទាំងអស់ បុគ្គលកំចាត់បង់ផង លាងផង លាងសំអាតផង កំចាត់ចេញផង ដោយមគ្គមានអង្គ ៨ ដ៏ប្រសើរ។ ព្រះមានព្រះភាគ ទ្រង់ចូលទៅដល់ ចូលទៅដល់ព្រម ចូលទៅជិត ចូលទៅជិតព្រម ចូលទៅកៀក ចូលទៅកៀកព្រម ប្រកបដោយធោនេយ្យធម៌ទាំងនេះ ហេតុនោះ ព្រះមានព្រះភាគព្រះនាមថា មានបា្រជ្ញាកំចាត់។ ព្រះមានព្រះភាគនោះ ទ្រង់បានកំចាត់រាគៈ កំចាត់បាប កំចាត់កិលេស កំចាត់សេចក្តីក្តៅក្រហាយ ហេតុនោះ ទ្រង់ព្រះនាមថា មានបា្រជ្ញាកំចាត់។ ពាក្យថា មកជួបជុំជាគូនឹងព្រះពុទ្ធ អ្នកមានបា្រជ្ញាកំចាត់ អ្នកឯងមិនអាចដើម្បីដល់នូវគូឡើយ បានសេចក្តីថា អ្នកជាបរិពា្វជក អ្នកមានសេចក្តីក្លៀវក្លាមកជួប មកប្រទះ ជាគូនឹងព្រះពុទ្ធមានព្រះភាគ មានបា្រជ្ញាកំចាត់ មិនអាចនឹងផ្គូសាកសួរ ចរចាទៅមក ដល់ព្រមនូវការសាកសួរទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា អ្នកជាបរិព្វាជក មានសេចក្តីក្លៀវក្លា ជាបុគ្គលថោកទាប ទន់ខ្សោយ ទន់ទាប លាមក អាក្រក់ កំទេចមនុស្ស។ ចំណែកព្រះមានព្រះភាគនោះ ជាកំពូលផង ប្រសើរផង ប្រសើរវិសេសផង ជាប្រធានផង ប្រសើរក្រៃលែងផង។
ID: 637350175452711324
ទៅកាន់ទំព័រ៖