ព្រះត្រៃបិដក ភាគ ៦៤
[៤] អធិប្បាយពាក្យថា សត្វរមែងមានចិត្តប្រកបដោយបីតិពិត ត្រង់ពាក្យថា ពិត គឺជាពាក្យប្រាប់សេចក្តីដោយដាច់ខាត ប្រាប់សេចក្តីដោយមិនមានសង្ស័យ ប្រាប់សេចក្តីមិនមានងឿងឆ្ងល់ ប្រាប់ដំណើរមិនមានពីរ ប្រាប់ហេតុមិនបែកជាពីរ ប្រាប់ការប្រកបដោយទៀងទាត់ ប្រាប់ហេតុមិនខុស ពាក្យថាពិតនុ៎ះ ជាពាក្យប្រាប់សេចក្តីកំណត់។ ពាក្យថា បីតិ បានដល់ បីតិ ភាពនៃចិត្តរីករាយ ការរីករាយទួទៅ ការរីករាយសព្វគ្រប់ សេចក្តីស្រស់ស្រាយ សេចក្តីស្រស់ស្រាយសព្វគ្រប់ សេចក្តីត្រេកអរ សេចក្តីពេញចិត្ត ភាពនៃចិត្តអបអរ ភាពនៃចិត្តត្រេកត្រអាល ភាពនៃចិត្តដ៏ពេញលេញក្រៃលែង ដែលប្រកបដោយកាមគុណ ៥។ ពាក្យថា ចិត្ត គឺចិត្ត មនៈ មានសៈ ហទយៈ បណ្ឌរៈ មនៈ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលសមគួរដល់ធម៌ មានផស្សៈជាដើមនោះណា នេះលោកហៅថា ចិត្ត។ ចិត្តនេះ ជាធម្មជាតទៅជាមួយ កើតជាមួយ ច្រឡំ ប្រកប មានការកើតឡើងក្នុងទីជាមួយ មានការរលត់ក្នុងទីមួយ មានវត្ថុតែមួយ មានអារម្មណ៍តែមួយ ជាមួយនឹងបីតិនេះ។ ពាក្យថា មានចិត្តប្រកបដោយបីតិ គឺមានចិត្តត្រេកអរ មានចិត្តរីករាយ មានចិត្តរីករាយខ្លាំង មានចិត្តជារបស់ខ្លួន មានចិត្តខ្ពស់ មានចិត្តស្រស់ស្រាយ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) មានចិត្តប្រកបដោយបីតិពិត។
ID: 637349100882185442
ទៅកាន់ទំព័រ៖