ព្រះត្រៃបិដក ភាគ ៦៤
សមដូចព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ថា សេចក្តីពេញចិត្តណា តម្រេកណា សេចក្តីត្រេកត្រអាលណា សេចក្តីប៉ុនប៉ងណា សេចក្តីប្រកាន់ដោយឧបាយ ដែលមានការតាំងចិត្ត និងការប្រកាន់ជាអនុស័យណា ក្នុងរូប នរជនជាប់ក្នុងកិលេសនោះៗ ហេតុនោះ (លោកពោលថា) ជាប់នៅ។ ពាក្យថា ជាប់នៅ ជាឈ្មោះនៃការជាប់ចំពាក់ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាប់នៅក្នុងគុហា។ ពាក្យថា ត្រូវកិលេសដ៏ច្រើនបិទបាំង គឺត្រូវកិលេសទាំងឡាយដ៏ច្រើនបិទបាំង គឺរាគៈបិទបាំង ទោសៈបិទបាំង មោហៈបិទបាំង កោធៈបិទបាំង ឧបនាហៈបិទបាំង មក្ខៈបិទបាំង បឡាសៈបិទបាំង ឥស្សាបិទបាំង មច្ឆរិយៈបិទបាំង មាយាបិទបាំង សាថេយ្យៈបិទបាំង ថម្ភៈបិទបាំង សារម្ភៈបិទបាំង មានះបិទបាំង អតិមានះបិទបាំង មទៈបិទបាំង បមាទៈបិទបាំង កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីអន្ទះអន្ទែងទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង អកុសលាភិសង្ខារទាំងពួង បិទបាំង ប្រក់ព្រំ ខ្ទប់ រាំង ហ៊ុមភ្ជិត គ្រប បង្រួម ផ្កាប់ហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាប់នៅក្នុងគុហា ត្រូវកិលេសដ៏ច្រើនបិទបាំង។
ID: 637349132837448781
ទៅកាន់ទំព័រ៖