ព្រះត្រៃបិដក ភាគ ៦៤
តម្រេកមិនត្រូវតាមធម៌ សេចក្តីលោភមិនស្មើ សេចក្តីអាល័យ កិលេសជាតិជាទីអាល័យ សេចក្តីបា្រថ្នា សេចក្តីស្រឡាញ់ សេចក្តីបា្រថ្នាគ្រប់យ៉ាង ចំណង់ក្នុងកាម ចំណង់ក្នុងសេចក្តីចំរើន ចំណង់ក្នុងសេចក្តីវិនាស ចំណង់ក្នុងរូប ចំណង់ក្នុងអរូប ចំណង់ក្នុងនិរោធ ចំណង់ក្នុងរូប ចំណង់ក្នុងសំឡេង ចំណង់ក្នុងក្លិន ចំណង់ក្នុងរស ចំណង់ក្នុងផ្សព្វ ចំណង់ក្នុងធម៌ អន្លង់ គ្រឿងប្រកបទុក គ្រឿងដោតក្រង គ្រឿងប្រកាន់ កិរិយារារាំង កិរិយាទប់ កិរិយាប្រក់ កិរិយាចង កិរិយាសៅហ្មង កិរិយាដេកត្រាំ កិរិយាស្ទាក់ វល្លិគឺតណ្ហា សេចក្តីបា្រថ្នាផ្សេងៗ ឫសគល់នៃសេចក្តីទុក្ខ ហេតុនៃសេចក្តីទុក្ខ ដែនកើតនៃសេចក្តីទុក្ខ អន្ទាក់នៃមារ សន្ទូចនៃមារ វិស័យនៃមារ ស្ទឹងគឺតណ្ហា បណ្តាញគឺតណ្ហា ដងដោយគឺតណ្ហា សមុទ្ទគឺតណ្ហា អភិជ្ឈា លោភៈ ឫសគល់នៃអកុសល។ ពាក្យថា មានសេចក្តីបា្រថ្នាជាហេតុ គឺមានសេចក្តីបា្រថ្នាជានិទាន មានសេចក្តីបា្រថ្នាជាហេតុ មានសេចក្តីបា្រថ្នាជាបច្ច័យ មានសេចក្តីបា្រថ្នាជាការណ៍ មានសេចក្តីបា្រថ្នាជាដែនកើតមុន ហេតុនោះ (ទ្រង់ត្រាស់ថា) មានសេចក្តីបា្រថ្នាជាហេតុ។ ពាក្យថា ជាប់ចំពាក់ដោយសេចក្តីត្រេកអរក្នុងការចំរើន គឺសេចក្តីត្រេកអរក្នុងការចំរើន ១ គឺសុខវេទនា។
ID: 637349137681831239
ទៅកាន់ទំព័រ៖