ព្រះត្រៃបិដក ភាគ ៦៤

មួយទៀត ពួក​សត្វ​ណា​ បរិភោគ​នូវ​រូប​ទាំងឡាយ​ បរិភោគ​នូវ​សំឡេង​ ក្លិន​ រស​ ផ្សព្វ​ទាំងឡាយ​ ដោយអំណាច​តណ្ហា​ ជា​អ្នក​ត្រាច់​ទៅ​រក​អារម្មណ៍​នោះ​ ច្រើន​ដោយ​អារម្មណ៍​នោះ​ ធ្ងន់​ក្នុង​អារម្មណ៍​នោះ​ ឱន​ទៅ​រក​អារម្មណ៍​នោះ​ សសៀរ​ទៅ​រក​អារម្មណ៍​នោះ​ ឈម​ទៅ​រក​អារម្មណ៍​នោះ​ ស្លុង​ទៅ​រក​អារម្មណ៍​នោះ​ ធ្វើ​អារម្មណ៍​នោះ​ឲ្យ​ជាធំ ពួក​សត្វ​នោះ​ ឈ្មោះថា​ អ្នក​ខ្វល់ខ្វាយ​ក្នុង​កាម។ ពាក្យ​ថា​ អ្នក​វង្វេង​ បាន​ដល់​ទេវតា និង​មនុស្ស​ទាំងឡាយ​ដោយ​ច្រើន​ វង្វេង​ភ្លេចស្មារតី​ ភាន់ភាំង​គំនិត​ក្នុង​កាមគុណ​ទាំង​ ៥ ជា​អ្នក​វង្វេង​ ភ្លេចស្មារតី​ ភាន់ភាំង​គំនិត​ ត្រូវ​អវិជ្ជា​ធ្វើឲ្យ​ងងឹត​ ខ្ទប់​ រាំង​ ហ៊ុម​ ភ្ជិត​ គ្រប​ បង្រួម​ ផ្កាប់​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អ្នក​ជាប់​ចំពាក់​ អ្នក​ខ្វល់ខ្វាយ​ អ្នក​វង្វេង​ ក្នុង​កាម​ទាំងឡាយ។
 [៤២​] អធិប្បាយ​ពាក្យ​ថា​ អ្នក​ប្រកាន់​ថោកទាប​ អ្នក​តាំងនៅ​ក្នុង​អំពើ​មិន​ស្មើ​ទាំង​នោះ​ ត្រង់​ពាក្យ​ថា​ អ្នក​ប្រកាន់​ថោកទាប​ គឺ​អ្នក​ប្រកាន់​ថោកទាប​ ព្រោះ​ហេតុ​ទៅកាន់​ទី​ថោកទាប​ ក៏បាន។ ​ពួក​ជន​មាន​សេចក្តី​កំណាញ់ លោក​ហៅថា​ អ្នក​ប្រកាន់​ថោកទាប ក៏បាន។ អ្នក​ប្រកាន់​ថោកទាប​ ព្រោះ​ហេតុ​មិន​កាន់​យក​នូវ​សំដី​ នូវ​គន្លង​ពាក្យ​ នូវ​ទេសនា​ នូវ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ​ របស់​សាវក​នៃ​ព្រះពុទ្ធ​ទាំងឡាយ​ ក៏បាន។
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 637349143172703630
ទៅកាន់ទំព័រ៖