ព្រះត្រៃបិដក ភាគ ៦៤
[៤៦] អធិប្បាយពាក្យថា ព្រោះហេតុនោះ ជនក្នុងសាសនានេះ គប្បីសិក្សា ត្រង់ពាក្យថា ព្រោះហេតុនោះ គឺព្រោះដំណើរនោះ ព្រោះការណ៍នោះ ព្រោះហេតុនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ ជនកាលឃើញច្បាស់នូវទោសនុ៎ះ ក្នុងកាមទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ។ ពាក្យថា គប្បីសិក្សា បានដល់សិក្ខា (ការសិក្សា) ៣ គឺ អធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។
អធិសីលសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសមានប្រមាណតិច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ សីលក្ខន្ធតូច សីលក្ខន្ធធំ សីល ទីតំកល់ ទីខាងដើម ការប្រព្រឹត្តិ ការសង្រួម ការរវាំង ប្រធាន ប្រមុខ នៃការបាននូវកុសលធម៌ទាំងឡាយ នេះឈ្មោះថា អធិសីលសិក្ខា។
អធិចិត្តសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងាត់។ ព្រោះរម្ងាប់វិតក្កៈ វិចារៈ ចូលកាន់ទុតិយជ្ឈាន ជាទីផូរផង់ប្រព្រឹត្តទៅខាងក្នុង ញុំាងសមាធិចិត្តឲ្យកើត ឥតមានវិតក្កៈនិងវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ។
ID: 637349148424951402
ទៅកាន់ទំព័រ៖