ព្រះត្រៃបិដក ភាគ ៦៤
ព្រោះប្រាសចាកបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង សោយសុខដោយនាមកាយផង ចូលកាន់តតិយជ្ឈានដែលព្រះអរិយៈទាំងឡាយ សរសើរបុគ្គលអ្នកបានតតិយជ្ឈាននោះ ថាជាអ្នកមានឧបេក្ខា មានសតិ នៅជាសុខដូច្នេះ។ ព្រោះលះបង់សុខផង លះបង់ទុក្ខផង រំលត់សោមន្ស និងទោមនស្សទាំងឡាយ ក្នុងកាលមុនផង ចូលកាន់ចតុត្ថជ្ឈាន ឥតទុក្ខ ឥតសុខ មានសតិដ៏បរិសុទ្ធដោយឧបេក្ខា នេះឈ្មោះថា អធិចិត្តសិក្ខា។
អធិប្បញ្ញាសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានបញ្ញា ប្រកបដោយបញ្ញា ប្រព្រឹត្តក្នុងកិរិយាកើតឡើង និងវិនាសទៅ ជាបញ្ញាដ៏ប្រសើរ ជាគ្រឿងទំលុះទំលាយ ជាគ្រឿដឹងនូវការអស់ទៅនៃទុក្ខដោយប្រពៃ ភិក្ខុនោះ តែងដឹងច្បាស់តាមពិតថា នេះ ទុក្ខ ដឹងច្បាស់តាមពិតថា នេះ ហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះ ទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះ សេចក្តីប្រតិបត្តិជាដំណើរទៅកាន់ទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះ អាសវៈ ដឹងច្បាស់តាមពិតថា នេះ ធម៌នាំឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះ ទីរលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះ សេចក្តីប្រតិបត្តិជាដំណើរទៅកាន់ទីរលត់អាសវៈ នេះឈ្មោះថា អធិប្បញ្ញាសិក្ខា។
ID: 637349148786874086
ទៅកាន់ទំព័រ៖