ព្រះត្រៃបិដក ភាគ ៦៤

នេះ​ ឈ្មោះថា​ ការ​ធ្វើ​តណ្ហា​ឲ្យ​តាំងនៅ​ក្នុង​ខាងមុខ។បេ។ នេះ​ឈ្មោះថា​ ការ​ធ្វើ​ទិដ្ឋិ​ឲ្យ​តាំង​នៅក្នុង​ខាងមុខ។ ការ​ធ្វើ​តណ្ហា​ឲ្យ​តាំងនៅ​ក្នុង​ខាងមុខ​ ដែល​បុគ្គល​នោះ​មិនទាន់​លះបង់​ហើយ​ ការ​ធ្វើ​ទិដ្ឋិ​ឲ្យ​តាំងនៅ​ក្នុង​ខាងមុខ​ ដែល​បុគ្គល​នោះ​មិនទាន់​រលាស់​ចេញ​ហើយ​ បុគ្គល​នោះ​ ធ្វើ​តណ្ហា ឬទិដ្ឋិ​ឲ្យ​តាំងនៅ​អំពី​មុខ​ ហើយ​ប្រព្រឹត្ត​ មាន​តណ្ហា​ដូចជា​ទង់ជ័យ​ មាន​តណ្ហា​ដូចជា​ទង់​ មាន​តណ្ហា​ជាធំ​ មាន​ទិដ្ឋិ​ដូចជា​ទង់ជ័យ​ មាន​ទិដ្ឋិ​ដូចជា​ទង់​ មាន​ទិដ្ឋិ​ជាធំ​ ត្រូវ​តណ្ហា ឬទិដ្ឋិ​រួបរឹត​ហើយ ប្រព្រឹត្តទៅ​ ព្រោះ​ហេតុ​នៃ​ការ​ធ្វើ​តណ្ហា​ ឲ្យ​តាំងនៅ​ក្នុង​ខាងមុខ​ ដែល​ខ្លួន​មិនទាន់​លះបង់​ ព្រោះ​ហេតុ​នៃ​ការ​ធ្វើ​ទិដ្ឋិ​ឲ្យ​តាំង​នៅក្នុង​ខាងមុខ​ ដែល​ខ្លួន​មិនទាន់​រលាស់​ចេញ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ធ្វើឲ្យ​តាំងនៅ​ក្នុង​ខាងមុខ​ហើយ។ ពាក្យ​ថា​ រមែង​មាន​ គឺ​មាន​ មាន​គ្រប់គ្រាន់​ កើតមាន។ ពាក្យ​ថា​ មិន​ផូរផង់​ គឺ​មិន​ផូរផង់​ មិន​ថ្លា​ស្អាត​ មិន​បរិសុទ្ធ​ ជា​ធម៌​សៅហ្មង​ ប្រកបដោយ​សេចក្តី​សៅហ្មង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ធ្វើឲ្យ​តាំងនៅ​ក្នុង​ខាងមុខ​ហើយ​ ជា​ធម៌​មិន​ផូរផង់។
 [៩៣​] អធិប្បាយ​ពាក្យ​ថា​ បុគ្គល​នោះ​ ឃើញ​នូវ​អានិសង្ស​ណា​ ក្នុង​ខ្លួន ត្រង់​ពាក្យ​ថា​ អានិសង្ស​ណា​ក្នុង​ខ្លួន​ គឺ​អានិសង្ស​ណា​ចំពោះខ្លួន។ ទិដ្ឋិ​ លោក​ហៅថា​ ខ្លួន។ បុគ្គល​រមែង​ឃើញ​អានិសង្ស​ ២ យ៉ាង​ នៃ​ទិដ្ឋិ​របស់​ខ្លួន​ គឺ​អានិសង្ស​ក្នុង​បច្ចុប្បន្ន​ ១ អានិសង្ស​ក្នុង​បរលោក​ ១។
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 637349337321943097
ទៅកាន់ទំព័រ៖